(កណ្តាល)៖ យុវជនប្រុសស្រីក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលជាង ២ពាន់នាក់ទៀត បាន​ស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពបម្រើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​នយោ​បាយ​ចាស់​ទុំ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ការស្ម័គ្រចិត្តចូលរួមបម្រើគណ​បក្សប្រជា​ជន​​កម្ពុជា ក៏ដោយសារតែពួកគេបានមើលឃើញថា គណបក្សនេះមានលក្ខណៈ​សម្បត្តិគ្រប់​គ្រាន់ ក្នុងការដឹកនាំជាតិ ជាពិសេសបានសាងស្នាដៃ និងគុណបំណាច់ជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជន​កម្ពុជា​​ចុះជួយស្រុកកណ្តាលស្ទឹង និងលោក ណុប រតនិមល ប្រធានយុវជន​បក្សប្រជាជន​កម្ពុជា ក្នុងស្រុកកណ្តាលស្ទឹង ព្រមទាំងក្រុមការងារបក្សជាច្រើនទៀត បានរៀបចំពិធី​សំណេះ​​សំណាល និងស្វាគមន៍ក្រុមយុវជនដែលចូលរួមរស់ និងបម្រើសកម្មភាពបក្ស។ ពិធីស្វាគមន៍ និងសំណេះសំណាលនេះ មានការចូលរួមពីសមាជិក សមាជិកា ព្រមទាំង​ក្រុមយុវជនចាស់ថ្មី​ក្នុង​ស្រុកកណ្តាលស្ទឹង សរុបជាង ៤ពាន់នាក់។

តំណាងឱ្យលោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងារបក្សចុះជួយស្រុក​កណ្តាល​ស្ទឹងនោះ អ្នកឧកញ៉ា ទ្រី ភាព បានប្រកាសស្វាគមន៍ដោយក្តីរីករាយ និងកក់ក្តៅ​បំផុត​ ចំពោះ​យុវជន យុវនារីក្នុងស្រុកកណ្តាលស្ទឹង ដែលចូលរួមជីវភាពនយោបាយ និងធ្វើសកម្ម​ភាព​​​បម្រើ​ជាតិ និងប្រជាជនជាមួយគណបក្សប្រជាជនកម្ពុជា។

អ្នកឧកញ៉ា ទ្រី ភាព បានចាត់ទុកការសម្រេចចិត្តរបស់យុវជន យុវនារីទាំងនោះថា ជារឿង​មួយ​​ដ៏ត្រឹមត្រូវ។ ត្រឹមត្រូវ ក៏ព្រោះថា គណបក្សប្រជាជនកម្ពុជា តែងតែតម្កល់នូវប្រយោជន៍​ជាតិ និងប្រជាជនជាធំ ដូច្នេះការចូលរួមរបស់យុវជន យុវនារីជាមួយបក្ស គឺពួកគេមាន​ឱកា​ស​ធ្វើសកម្មភាពជាប្រយោជន៍ដល់ជាតិ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់​ពួក​គេ​។

អ្នកឧកញ៉ា បានក្រើនរំលឹកដល់យុវជន យុវនារីដែលចូលសមាជិកបក្សប្រជាជនទាំងអស់ ត្រូវតែអនុវត្តន៍ឱ្យបាននូវស្មារតីបក្ស រក្សាឱ្យបាននូវក្រមសីលធម៌ល្អ និងចូលរួមចំណែកធ្វើ​ការងារជាប្រយោជន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។

នៅក្នុងពិធីសំណេះសំណាលនោះ ក្រុមយុវជនដែលទើបចូលរួមរស់ជាមួយគណបក្សប្រជា​ជន​​កម្ពុជា ក៏បានបង្ហាញពីមូលហេតុដែលនាំឱ្យពួកគេស្រឡាញ់ និងចូលរួមជីវភាពនយោ​បាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

លោក សាន សាវុន ពលរដ្ឋរស់នៅឃុំបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានលើកឡើងថា ការដែលលោកស្ម័គ្រចិត្តចូលរួមជាមួយបក្សប្រជាជនកម្ពុជា ក៏ដោយសារតែបានមើលឃើញនូវគុណបំណាច់ជាច្រើនរបស់បក្សប្រជាជនកម្ពុជាចំពោះជាតិមាតុភូមិ។ គុណបំណាច់ដែលលោកបានមើលឃើញនោះ មានដូចជាការរំដោះជាតិពីរបបប្រល័យពូជសាសន៍ រំលត់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិ ព្រមទាំងកិច្ចប្រឹងប្រែងក្នុងការកសាងជាតិឱ្យមានការចម្រើនលូតលាស់យ៉ាងខ្លាំង។

សូមបញ្ជាក់ដែរថា ដោយសារតែថ្ងៃទី១៨ ខែមីនា នេះ ជាខួប៥៣ឆ្នាំថ្ងៃដែលក្រុមក្បត់ជាតិ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនៃសង្គមរាស្ត្រនិយមនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានរំលឹកដល់ព្រឹត្តិការណ៍នោះផងដែរ។ អ្នកឧកញ៉ា បានថ្លែងទៅកាន់សមាជិក សមា​​ជិកាបក្សក្នុងស្រុកកណ្តាលស្ទឹងថា ផ្តើមចេញពីរដ្ឋប្រហារនោះហើយធ្វើឱ្យសង្គមកម្ពុជា​ធ្លាក់​ចូលភ្នក់ភ្លើងសង្គ្រាម និងកើតមានរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សែនព្រៃផ្សៃ។

រំលឹកដល់ភាពវឹកវរក្នុងប្រវត្តិសាស្ត្រខ្មែរកើតចេញពីការធ្វើរដ្ឋប្រហារនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានគូសរំលេចពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា និងវីរភាពរបស់សម្តេច​តេជោ ហ៊ុន សែន ដែលបានតស៊ូ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការរំដោះជាតិចេញពី​របបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និង ប្រឹងប្រែងពន្លត់ភ្លើង​សង្គ្រាម នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៩៩៨​។

ទន្ទឹមនឹងការរកបានសុខសន្តិភាព និងការឯកភាពជាតិនោះ សម្តេចតេជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងបញ្ញា​ញាណ ក្នុង​កិច្ចកសាង និងអភិវឌ្ឍន៍សង្គមជាតិឱ្យរុងរឿងរីកចម្រើនដូចពេលបច្ចុប្បន្ន ជាស្ថាន​ភាព​មួយ​ដែលខ្មែរងើបចេញពីគំនរផេះនៃភ្លើងសង្គ្រាមមិនដែលនឹកស្មានដល់នោះឡើយ។ មិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចជាតិចម្រើនលូតលាស់ ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ រស់នៅ​ក្នុងសេចក្តីថ្លៃថ្នូរ និងសុខសុភមង្គលប៉ុណ្ណោះទេ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​តេជោ ក៏បានសាងនូវកិត្តិនាមខ្ទរខ្ទារលើឆាកអន្តរជាតិ តាមរយៈការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងការប្រយុទ្ធប្រឆាំងដោយជោគជ័យលើការរាតត្បាតជំងឺ​កូវីដ១៩ជាដើម។

ជាមួយការរំលឹកដល់ផលលំបាកកើតចេញពីភ្លើងសង្គ្រាម និងគូសរំលេចពីផលកើតចេញ​ពី​សុខសន្តិភាព​ហើយនោះ អ្នកឧកញ៉ា ទ្រី ភាព បានអំពាវនាវដល់សមាជិក សមាជិកា ក៏ដូច​ជា​យុវជនរួមគ្នាជ្រោងទង់គណបក្សប្រជាជនកម្ពុជា រក្សាឱ្យបាននូវសុខសន្តិភាព ដែលកំពុង​គ្របដណ្តប់ពាសពេញផ្ទៃប្រទេស។ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ និងកម្ចាត់ឱ្យបាន​ជាដាច់​ខាត​នូវចលនាទាំងឡាយ ដែលប៉ុនប៉ងធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើត​ចេញ​ពីការបោះឆ្នោត៕