(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៩១គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១៩៤គ្រឿង និងរថយន្ត ៩៧គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៤,២៣៧គ្រឿង ក្នុងនោះមានម៉ូតូ ២០,០៣១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤,២០៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង ផ្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ បត់ជែង ឆៀក អត់បណ្ណបើកបរ លើសចំណុះ ទូរស័ព្ទ អត់ផ្លាកលេខ និងល្មើសសញ្ញាជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៦លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៥នាក់ របួសចំនួន ០៤នាក់ (របួសធ្ងន់ចំនួន ០២នាក់)។ រយៈពេល ៧៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦២៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣១៩នាក់ របួស ៨១៧នាក់ (របួសធ្ងន់ ៥៤៣នាក់)៕