(តាកែវ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា នៅក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធសមិទ្ធផលវិហារម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា ដែលកើតចេញពីស្មារតីរួបរួមគ្នារបស់សាសនិកឥស្លាម ទាំងក្នុងមូលដ្ឋាន ខេត្តតាកែវ ក៏ដូចជាទាំងក្នុង និងក្រៅប្រទេស លើមូលដ្ឋាននៃការគោរពប្រតិបត្តិជំនឿសាសនា និងសិល្បៈនៃការចែករំលែក។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋជាសាសនិកឥស្លាមទាំងអស់ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរដែនដី ក្នុងការថែរក្សាបាននូវភាពសុខដុមរមនាក្នុងមូលដ្ឋាន និងនៅទូទាំងប្រទេស នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិខ្មែរឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានដឹកនាំកសាង និងអភិវឌ្ឍប្រទេសអស់រយៈកាលជាង ៤០ឆ្នាំកន្លងមកនេះ រហូតមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធសេរីភាពផ្នែកជំនឿសាសនាផងដែរ ដោយមិនមានការរើសអើងសាសនា ឬជាតិសាសន៍ សំដៅថែរក្សាបាននូវសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មក្នុងសង្គមកម្ពុជា។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សុខុដុមនីយកម្មសាសនានៅកម្ពុជា ផ្អែកលើកត្តាចំនួន២៖

*ទី១៖ ការចូលរួមចំណែកពីគ្រប់សហគមន៍សាសនា តាមរយៈជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរបើកទូលាយមិនចង្អៀតចង្អល់
*ទី២៖ ការបង្កលក្ខណៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ការគាំទ្រដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទិ៍៖

ការបើកទូលាយឲ្យទទួលជំនួយឧបត្ថម្ភដើម្បីអភិវឌ្ឍសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម១,៥០០នាក់ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឲ្យសិស្ស-និស្សិតស្ត្រីឥស្លាមអាចពាក់ Hijab នៅតាមគ្រឹះស្ថានអប់រំសាធារណ:, ការអនុញ្ញាតឲ្យសាសនិកឥស្លាម អាចស្លៀកសម្លៀកបំពាក់តាមប្រពៃណីរបស់ខ្លួនក្នុងការថតរូប ដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឲ្យមានការបង្កើតស្ថាប័ន Halal កម្ពុជា, ការបើកឲ្យមានកម្មវិធីបុណ្យអិចស្ទីម៉ាក ដែលជាការជួបជុំសាសនិកឥស្លាមក្នុង និងក្រៅប្រទេស ដើម្បីស្តាប់ធម៌ និងការរៀបចំសកម្មភាពគាំទ្រផ្សេងៗជាច្រើនទៀតដល់សហគមន៍ខ្មែរឥស្លាម៕