(ត្បូងឃ្មុំ)៖ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះវិរិយធរោ សោម យ៉ន ព្រះចៅអធិការ វត្តសុវណ្ណគីរីរតនមុនីតាប៉ាវ (ពងទឹក) ស្ថិតក្នុងភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានសុខសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសព្រះពុទ្ធសាសនានេះហើយ សូម្បីតែសាសនាផ្សេងៗ ក៏មានការរីកចម្រើនផងដែរ ទាំងនេះដោយសារមានឯកភាពសាសនា និងឯកភាពជាតិខ្មែរ។

លោកបន្ដថា បើយើងមានសុខសន្តិភាពហើយនោះ ខឿនសេដ្ឋកិច្ចជាតិនឹងកើនឡើង មានការអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមគោលនយោបាយឈ្នះឈ្នះនៃយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់មកយ៉ាងច្បាស់ថា នៅក្នុង២០៣០ខាងមុខនេះ ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសអ្នកមាន ប៉ុន្តែលុះត្រាណាត្រូវតែមានសុខសន្តិភាពដូចបច្ចុប្បន្ននេះរហូតទៅ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមទៀតថា បច្ចុប្បន្នវិស័យសាសនានៅក្នុងខេត្តត្បូងឃ្មុំ ដែលមានរីកចម្រើនយ៉ាងដូចនេះ ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឲ្យលង់ជឿតាមការញុះញង់របស់ជនអគតិ ឬក៏បរទេសមួយចំនួននោះ គឺគេចង់ឲ្យខ្មែរយើងមានសង្គ្រាម ពោលត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលរបស់យើង បន្តបោះឆ្នោតគាំទ្រជូនរាជរដ្ឋភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់ការបោះឆ្នោះជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដើម្បីការពារសុខសន្តិភាពមួយនេះ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

គណៈអធិបតីក៏បានប្រគេនស៊ីម៉ងត៍ចំនួន ២០តោន ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅក្នុងវត្តសុវណ្ណគីរីរតនមុនីតាប៉ាវ (ពងទឹក) ជូនថវិកាដល់យាយជី តាជី ក្នុងម្នាក់ៗ១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូម្នាក់ៗ២ម៉ឺនរៀល គ្រូពេទ្យម្នាក់ៗ ២ម៉ឺនរៀល សិស្សានុសិស្ស ម្នាក់ៗ១ម៉ឺនរៀលផងដែរ៕