(ភ្នំពេញ)៖ បន្ទាប់ពីសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា សហការជាមួយ មន្ទីរពេទ្យ JIKEI ប្រទេសជប៉ុន មានការអភិវឌ្ឍរីកចម្រើនជាបន្ដបន្ទាប់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជំរុញដល់សមាគមវេជ្ជសាស្ដ្រផ្សេងៗទៀត មានការវិវឌ្ឍរីកចម្រើនប្រកបដោយប្រសិទ្ធភាព ផ្ដល់ជាទំនុកចិត្ដខ្ពស់ដល់ប្រជាពលរដ្ឋ ដើម្បីបន្ថយនូវលំហូរចេញទៅព្យាបាលនៅបរទេស។

ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសន្និបាតវជ្ជសាស្ត្រ សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា អាណត្តិទី១០ និងរៀបចំជាសន្និបាតវេជ្ជសាស្ត្រ ORL សហការជាមួយ មន្ទីរពេទ្យ JIKEI ប្រទេសជប៉ុន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ នាសណ្ឋាគារភ្នំពេញ។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា សន្និបាតនេះ ជាទិវាមួយដ៏មហោឡារឹក ដើម្បីជួបជុំ សាមគ្គីភាពដ៏រឹងមាំរវាងសមាជិក សមាជិកា សមាគមទាំងអស់ ទាំងក្នុងប្រទេសនិងក្រៅប្រទេស និងបានបង្ហាញពីការចែករំលែកនូវបទពិសោធន៍ល្អៗឲ្យគ្នា ទៅវិញទៅមក និងចេះជួយលើកទឹកចិត្តដល់សមាជិក សមាជិការបស់សមាគម។

«ការអនុវត្តរបស់សមាគមកន្លងមកនេះ គឺបង្ហាញពីការអភិវឌ្ឍរីកចម្រើនពិតប្រាកដ ជាគំរូមួយដល់សមាគមវេជ្ជសាស្ត្រផ្សេងៗទៀតក្នុងការអនុវត្តតាម និងការជួយព្យាបាលឲ្យប្រជាជនរបស់យើង ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងបន្ថយនូវលំហូរចេញទៅព្យាបាលនៅបរទេស និងផ្ដល់ជំនឿទុកចិត្តដល់ប្រជាជនយើង ដែលបញ្ហាទាំងអស់នេះស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតេជោ តែងតែយកចិត្តទុកដាក់ ដល់បញ្ហាសុខភាពប្រជាជនជាចម្បង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ដោយឃើញពីរការរីកចម្រើនរបស់សមាគមជារៀងរាល់ឆ្នាំ ខ្ញុំសង្ឃឹមថា ក្រោមការដឹកនាំរបស់លោកប្រធានសមាគម អាណត្តិទី១០នេះ នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបណ្តុះបណ្តាលឲ្យសមាជិករបស់ខ្លួន ដើម្បីជួយឲ្យប្រទេសរបស់យើងបានរីកចម្រើន ទាន់ប្រទេសក្នុងតំបន់ ក៏ដូចជាសហគមអន្តរជាតិ។ ហើយក៏សង្ឃឹមថា មន្ទីរពេទ្យ JIKEI ប្រទេសជប៉ុន ដែលជាមន្ទីរពេទ្យមានលក្ខណៈស្តង់ដារអន្តរជាតិ និងធ្វើសហប្រតិបត្តិការជាទៀងទាត់ជួយបណ្តុះបណ្តាលទាំងទ្រឹស្តី និងការវះកាត់ជាក់ស្តែងជូនដល់មន្ទីរពេទ្យកម្ពុជាយើងផងដែរ»

លោកសាស្ត្រាចារ្យ ប៉ូ រដ្ឋា ប្រធានសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា បានថ្លែងថា សមាគមតែងតែធ្វើទិវាវេជ្ជសាស្ត្រ ជាទៀងទាត់រៀងរាល់ឆ្នាំ ទៅតាមលទ្ធភាពដើម្បីឱ្យសមាជិកសមាជិកា បានជួបជុំគ្នា ក្នុងន័យបង្ហាញពីសាមគ្គីភាព ផ្លាស់ប្ដូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រីកនូវសមាជិកដែលនៅតាមបណ្តាលខេត្តក្រុង រាជធានី បន្ថែមទៀត ពីមួយអាណត្តិទៅ មួយអាណត្តិ។

ជាក់ស្តែងថ្ងៃនេះសមាគមបានរៀបចំទិវាវេជ្ជសាស្រ្ត ORL នេះឡើង ដោយសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យ ORL របស់មន្ទីរពេទ្យ JIKEI ដែលជាមន្ទីរពេទ្យស្តង់ដាអន្តរជាតិរបស់ប្រទេសជប៉ុនបានចំនួនជាច្រើនដងរួចមកហើយ ដើម្បីធ្វើបទបង្ហាញទ្រឹស្ដី និងធ្វើការវះកាត់ ជូនគ្រូពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួងទៀតផង និងការសហប្រតិបត្តិការ ក្រុមគ្រូពេទ្យ ប្រទេសកូរ៉េ ធ្វើការវះកាត់ជំងឺ គ ថ្លង់ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យព្រះអង្គឌួងបានជាច្រើនដង។

នេះបង្ហាញពីការរីកចម្រើនរបស់វិស័យ ត្រចៀក ច្រមុះ បំពង់ក និងក៏បង្ហាញពី សហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍រវាងគ្រូពេទ្យថ្នាក់តំបន់ និងថែមទាំងថ្នាក់អន្តរជាតិទៀតផង។

លោកសាស្ត្រាចារ្យ ប៉ូ រដ្ឋា បានបន្ថែមថា ក្រៅពីនេះសមាគមបានសហប្រត្តិបត្តិការជាមួយមន្ទីរពេទ្យព្រះអង្គឌួង ដែលជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេស ត្រចៀក ច្រមុះ បំពង់ក និងជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ដើម្បីរៀបចំជាទិវាវេជ្ជសាស្ត្រ ដើម្បីបណ្តុះបណ្តាលក្រុម គ្រូពេទ្យ ORL កម្ពុជា តាម VIDEO Conference ។

ក្រៅពីនេះក៏មានការសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យបរទេសមួយចំនួនផ្សេងទៀត ដូចជាប្រទេសបារាំង ម៉ាឡេស៊ី អង់គ្លេស អាមេរិក អូស្ត្រាលី នេប៉ាល់ សិង្ហបុរី ដើម្បីជួយវះកាត់ជូនប្រជាជនយើង និងជួយបង្ហាត់បង្រៀនជំនាញ ឬផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់ក្រុមគ្រូពេទ្យថ្មី និងនិស្សិត ដើម្បីឱ្យគ្រូពេទ្យ ឬនិស្សិតយើងមានសមត្ថភាព និងបន្តវេន មានសីលធម៌វិជ្ជាជីវៈ ថ្លៃថ្នូរ ស្តង់ដាតែមួយ ប្រើភាសាតែមួយ ដើម្បីព្យាបាលជំងឺជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ផ្ដល់នូវទំនុកចិត្ត និងភាពជឿជាក់ដល់ប្រជាជន៕