(កំពង់ឆ្នាំង)៖ លោក នង ណារិទ្ធ កសិករមួយរូបដែលបានចាប់ផ្ដើមចិញ្ចឹមបង្កងអូស្ត្រាលី ឬបង្កងដង្កៀបក្រហមពីលក្ខណៈតូតាច ត្រឹមតែ ៣ទៅ៤អាងបណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នបានក្លាយទៅជាកសិករមួយរូប ដែលមានជំនាញ និងបទពិសោធន៍ក្នុងការចិញ្ចឹមបង្កងអូស្ត្រាលីយ៉ាងស្ទាត់ជំនាញ ដោយបានពង្រីកអាង និងស្រះចិញ្ចឹមបង្កងជាច្រើនកន្លែង រួមទាំងកំពុងពង្រីកការដាំបន្លែលើទឹក និងចិញ្ចឹមសត្វផ្សេងទៀត។

លោក នង ណារិទ្ធ អាយុ៣៧ឆ្នាំ រស់នៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានបញ្ជាក់ថា បច្ចុប្បន្នលោកមានស្រះចិញ្ចឹមបង្កងចំនួន៥ស្រះ និងអាងចិញ្ចឹមបង្កងជាង២០អាង ដែលកំពុងតែដំណើរការ និងទទួលបានជោគជ័ យតែមុននិងទទួលបានការជោគជ័យ លោកក៏ធ្លាប់ទទួលការបរាជ័យជាច្រើនលើកច្រើនសារមកហើយដែរទម្រាំមានថ្ងៃនេះ។

បច្ចុប្បន្នលោកកំពុងតែពង្រីកការដាំបន្ថែម ហ្នឹងចិញ្ចឹមសត្វបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ។ ក្នុងនោះលោកបានបន្ថែមលើមុខរបរពីការចិញ្ចឹមបង្កង ដោយការចិញ្ចឹមកង្កែប ចិញ្ចឹមត្រី ចិញ្ចឹមរុយ និងដាំបន្លែលើទឹកជាដើម។

ម្ចាស់កសិដ្ឋានឈ្មោះ ចិត្ត ស្រីអូន បានបន្តថា ក្រៅពីចិញ្ចឹមបង្កងដែលកំពុងតែមានទីផ្សារបច្ចុប្បន្ន លោកក៏កំពុងតែប្រមូលផលបន្លែលើទឹក ដែលភាសាបច្ចេកទេសហៅថា (ហាយត្រូប៉ូនីក) ទៅលក់នៅលើទីផ្សារផងដែរ ដែលនេះជាការប្រមូលផលលើកទី២របស់លោក ចាប់តាំងពីបង្កើនមុខរបរដាំបន្លែលើទឹកនេះមក។

ចំពោះការដាំបន្លែលើទឹក គឺលោកដាំពីលើអាងចិញ្ចឹមបង្កង និងចិញ្ចឹមត្រីតែម្ដង ដែលវាអាចចំណេញទីកន្លែងផង និងអាចធ្វើឲ្យទឹកប្រើប្រាស់ពីត្រីទៅជាជីសម្រាប់បន្លែផងដែរ។ ចំពោះការចិញ្ចឹមកង្កែបរបស់គាត់វិញ ក៏ទទួលបានជោគជ័យដូចគ្នានេះដែរ ដោយបានប្រមូលផលជាច្រើនសារ និងបច្ចុប្បន្នកំពុងភ្ញាស់កូនបន្ថែមទៀត។

ដោយឡែកសម្រាប់ការចិញ្ចឹមរុយប្រភេទ ( BSF) ទើបនឹងដំណើរការនោះទេ ប៉ុន្តែឃើញលទ្ធផលល្អប្រសើរ ព្រោះបានឃើញរុញចាប់ផ្តើមពងជាបណ្តើរៗហើយ។ ការចិញ្ចឹមរុយនេះ គឺគេចិញ្ចឹមយកពងភ្ញាស់ បង្កើតជាដង្កូវដើម្បីយក ទៅធ្វើជាចំណីមាន់ ចំណីត្រីដែលមានប្រូតេអ៊ីនខ្ពស់ ក្រៅពីនោះ លោកនៅមានចិញ្ចឹមមាន់ទាជាច្រើនក្បាលដែលបានទទួលផលពីពួកវាច្រើនណាស់ដែរ។

ដោយឡែកលោកស្រី ទូច វណ្ណី ហៅស្រីអូន អាយុ៣៦ឆ្នាំ ជាភរិយារបស់លោក នង ណារិទ្ឋ ក៏បានឱ្យថា ថ្ងៃនេះគ្រួសារគាត់បានបូមស្រះ ដើម្បីចាប់បង្កងឲ្យអតិថិជន បានជាង៥០គីឡូក្រាម ដែលមានម៉ូយមកយកដល់ផ្ទះខ្លះ នឹងវេចខ្ចប់ផ្ញើទៅចែកចាយតាមបណ្តាខេត្តខ្លះ។ គ្រួសារគាត់បានប្រកបមុខរបរកសិកម្មនេះរយៈពេលជាង៥ឆ្នាំមក ហើយបច្ចុប្បន្នកសិដ្ឋានរបស់គាត់មានឈ្មោះ (កសិដ្ឋានចិញ្ជឹមបង្កង ចិត្រ ស្រីអូន) មានលក់កូនបង្កងតូចធំលក់ បង្កងសាច់ និងមេបង្កផងដែរ។

គួររំលឹកដែរថា លោក នង ណារិទ្ធ គឺជាកូនអ្នករស់នៅរាជធានីភ្នំពេញ តែក្រោយរៀបការ លោកបានមករស់នៅជាមួយភរិយា ក្នុងភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ បន្ទាប់ពីបានមកទិញដីសង់លំនៅដ្ឋានបណ្ដោះអាសន្ន នៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដើម្បីចាប់អាជីពជាអ្នកចិញ្ចឹមបង្កង ហើយបច្ចុប្បន្នកំពុងពង្រីកមុខរបរបន្ថែមដោយទទួលបានជោគជ័យពីផលកសិកម្មខាងលើនេះ ដែលអាចឱ្យកូនស្រីច្បងរៀនបន្តថ្នាក់ឧត្តមសិក្សា កូនស្រីប្អូនកំពុងរៀននៅវិទ្យាល័យផងដែរ៕