(កំពង់ធំ)៖ រដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាពលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធភា និងជាប្រធានក្រុមការងារចុះមូដ្ឋានស្រុកកំពង់ស្វាយ។

ក្នុងនោះក៏មានការចូលរួមពី លោកស្រី លំ គន្ធារី អភិបាលរងខេត្ត, លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក និងមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ ឃុំ ភូមិ ជាស្ត្រីប្រមាណ២០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ ដូចនេះស្ត្រីទាំងអស់ត្រូវខិតខំអភិវឌ្ឍន៍នូវសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមក្នុងកិច្ចការ សង្គមជាតិ សំខាន់ឲ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ក្នុងសង្គមជាតិកាន់តែប្រសើរឡើងនិងកាន់តែមានភាពផុលផុសជាងមុន។

លោកស្រីបន្ដថា កត្តាទាំងនេះហើយធ្វើឲ្យស្ត្រីគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សាការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាតនូវរាល់ឧបាយកល លិ្បចបោកបញ្ឆោតរបស់ក្រុមជនណា ដែលមានមហិច្ឆតា ក្នុងការប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ស្វែងរកបានមកទាំងលំបាកអស់រយៈពេលជាច្រើន។

កម្ពុជានាពេលបច្ចុប្បន្ននេះ បានកំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យតាំងពីទីប្រជុំជន ទៅដល់ជនបទ ទាំងផ្លូវ ទឹក ភ្លើង មណ្ឌលសុខភាព សាលារៀន។ល។ ដែលសមិទ្ធផលនេះ ស្តែងចេញមកពីកត្តាសន្តិភាព ហើយការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរឹងមាំបានធានាឲ្យកម្ពុជា បន្តសម្រេចបានលទ្ធផលធំៗថ្មីៗទៀត ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារសង្គម និងកែលំអរ ជីវភាពរស់នៅរបស់ប្រជាជន ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើនយ៉ាងឆាប់រហ័ស។

លោកស្រី ឃួន ឃុនឌី បានលើកលើកទឹកចិត្តស្ត្រីទាំងអស់ខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពតាមរយៈបង្កើនការរៀនសូត្រ ដើម្បីពង្រីកចំណេះដឹងឲ្យទាន់សភាពការណ៍នៃការវិវត្ត ផ្នែកឌីជីផល និងតិចណូឡូជី ដើម្បីឲ្យស្រ្ដីអាចចាប់បានឱកាសថ្មីៗ ល្អៗ នាពេលខាងមុខទៀត។ ចុងបញ្ចប់លោកស្រី ក៏បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់នារីគ្រប់រូបផងដែរ៕