(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានគណៈពង្រឹងចិន្ត្រៃយ៍ស្រុកកោះធំ ចុះជួយឃុំព្រែកថ្មី និងដាតុ រ៉ាស្សាក់ ពិន ហាជី អាប់ឌុល កាទៀត ភាគីម៉ាឡេស៊ី បានអញ្ជើញចុះពិនិត្យវិហារឥស្លាមមួយកន្លែង ស្ថិតក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ។

លោក ចៅ តុល បានថ្លែងថា ស្ថិតក្រោមម្លប់សន្តិភាព កម្ពុជាមានការរីកចម្រើនគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានបើកសិទ្ធិយ៉ាងទូលាយដល់សហគមឥស្លាមកម្ពុជា អាចប្រតិបត្តិសាសនាឥស្លាមបានយ៉ាងពេញលេញ ហើយគោលនយោបាយសុខដុមនីយកម្មសាសនានៅកម្ពុជា ទទួលបានការគាំទ្រពីពលរដ្ឋមូស្លីមទូទាំងប្រទេស និងសាកលលោក ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលបំបិទសិទ្ធិសាសនាឥស្លាមបន្តិចណាឡើយ ពោលថែមទាំងបើកឱកាសយ៉ាងពេញលេញ ក្នុងការទទួលជំនួយមនុស្សធម៌ទៀតផង ដែលភាពវិជ្ជមាន បានលេចចេញជាសមិទ្ធផលយ៉ាងសម្បើមទូទាំងប្រទេស ពិសេសនៅសហគមមូស្លីមកម្ពុជា មានការរីកចម្រើនយ៉ាងច្រើន ខណ:ដែលវិហារ សាលារៀន មន្ទីរពេទ្យ មានការរីកដុះដាលកាន់តែច្រើនឡើងៗ។

ជាមួយគ្នានេះ ជំនួយម៉ាឡេស៊ី ក៏បានជួយសហការជាមួយគណៈពង្រឹងផងដែរ ក្នុងការកសាងវិហារឥស្លាមដ៏ស្រស់ស្អាតមួយទៀត ស្ថិតនៅភូមិចាមក្រោម ដែលមានទំហំ ២០ម៉ែត្រ គុណ៤០ម៉ែត្រ កម្ពស់២ជាន់ ចំណាយទឹកប្រាក់ប្រមាណ៨០ម៉ឺនដុល្លារ។ លោក ចៅ តុល បានថ្លែងអំណរគុណដល់ភាគីប្រទេសម៉ាឡេស៊ី ដែលតែងតែជួយកសាងហេដ្ឋារចនារចនាសម្ព័ន្ធ ក៏ដូចជាវិហារឥស្លាមជាច្រើននៅក្នុងស្រុកកោះធំ និងសូមបន្តជួយប្រជាជនសាសនិកឥស្លាមនៅក្នុងប្រទេសកម្ពុជាបន្តទៀត។

បន្ថែមលើសនេះ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកថ្មី បានចុះត្រួតពិនិត្យស្លាកគណបក្សចាស់ៗ និងខូចជើង ដើម្បីធ្វើការផ្លាស់ប្ដូរថ្មី និងចុះត្រួតពិនិត្យផ្លូវក្រាលថ្មភ្នំមួយខ្សែរដែលមានទទឹង៤ម៉ែត្រ ប្រវែង៥០០ម៉ែត្រ ដែលជាអំណោយរបស់លោក កៅ ថាច ប្រធានគណៈពង្រឹងភូមិស្វាយកណ្ដាល និងក្រុមការងារផងដែរ៕