(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៤១គ្រួសារ ស្ថិតក្នុងភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនោះ លោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដោយក្តីនឹករលឹកផងដែរ។

លោកបានបញ្ជាក់ថា ការចុះសួរនេះ គឺដើម្បីពិនិត្យស្ថានភាពផ្ទាល់ នៃជីវភាពពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់ប្រជាជនទាំងអស់ នៅមូលដ្ឋានខណ្ឌព្រែកព្នៅ ពិសេសប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ជនពិការភាព សូមឲ្យបន្តថែទាំសុខភាពជាប្រចាំ ដើម្បីបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺយើងរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺនេះជាប្រចាំ។

លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅជានិច្ច ពិសេសសម្រាប់អ្នកដែលមានបញ្ហាជីវភាព។ លោកបន្ថែមថា នៅពេលដឹងមានពលរដ្ឋណាលំបាក លោក ឃួង ស្រេង តែងចាត់រូបលោកជាតំណាងចុះជួបដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ មិនបណ្តែតបណ្តោយទុកពលរដ្ឋណាម្នាក់ ស្លាប់បាត់បង់ជីវិត ដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

អំណោយដែលចែកជូនពលរដ្ឋនោះ ក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន២០,០០០រៀល, អង្ករ១បាវ ២៥គីឡូ, មី១កេស, ទឹកត្រី១យួរ និងស្ត្រីមានផ្ទៃពោះ២នាក់ ជិតសម្រាលម្នាក់ៗ ២០០,០០០រៀល៕