(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា នៅឆ្នាំ២០២២ មានទណ្ឌិត ១.២៣៣នាក់ ត្រូវបានបន្ធូរបន្ថយទោស និងលើកលែងទោស។

របាយការណ៍នេះត្រូវបានបង្ហាញឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងសន្និបាតផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារ។

លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ម៉ៅ សុភារម្យ អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានឲ្យដឹងថា ចំពោះគោលនយោបាយបន្ថូរបន្ថយទោស និងលើកលែងទោស គឺបានពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតសរុប ចំនួន ១.៩៥៧នាក់ (ស្ត្រី ១៨៨នាក់)​ ជាលទ្ធផលអង្គប្រជុំសម្រេចលើកលែងទោស និងបន្ធូរបន្ថយទោស ចំនួន ១.២៣៣នាក់ (ស្ត្រី ៩៦នាក់) ក្នុងឱកាសបុណ្យជាតិនានា សម្រាប់ឆ្នាំ២០២២ រួមមាន៖

* បុណ្យទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (មករា) ស្នើសុំចំនួន ៤៩៤នាក់ (ស្ត្រី ៦២នាក់) ជាលទ្ធផល ចំនួន ៣០២នាក់ (ស្ត្រី ៣៦នាក់)
* បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្នើសុំចំនួន ៣៩៥នាក់ (ស្ត្រី ៣៥នាក់) ជាលទ្ធផល ចំនួន ២៧៩នាក់ (ស្ត្រី ២២នាក់)
* បុណ្យវិសាខបូជា ស្នើសុំចំនួន ៣៨៥នាក់ (ស្ត្រី ២៧នាក់) ជាលទ្ធផល ចំនួន ២៧១នាក់ (ស្ត្រី ៨នាក់)
* ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ និងបុណ្យឯករាជ្យជាតិ ស្នើសុំចំនួន ៦៨៣នាក់ (ស្ត្រី ៦៤នាក់) ជាលទ្ធផល ចំនួន ៣៨១នាក់ (ស្ត្រី ៣០នាក់)។

យោងតាមព្រះរាជក្រឹត្យស្តីពី ការបន្ថូរបន្ថយទោស និងលើកលែងទោស ឆ្នាំ២០២១ ត្រង់ជំពូក២ មាត្រា៣ បានបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន៖

១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

មាត្រាដដែលនេះ បានបន្ថែមថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។ លើសពីនេះទៀត ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើ ឬដាច់ដោយឡែកពីគ្នា ឬរួមគ្នា៕