(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា នៅឆ្នាំ២០២២ មានជនជាប់ឃុំចូលបណ្ណាល័យ ជិត២០ម៉ឺនលើក និងខ្ចីសៀវភៅ ជាង១១ម៉ឺនលើក។

របាយការណ៍នេះ ត្រូវបានបង្ហាញឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងសន្និបាតផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រោមអធិបតិភាព លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

របាយការណ៍ដែលអានដោយលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ម៉ៅ សុភារម្យ អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានឲ្យដឹងថា «ការងារបណ្ណាល័យពន្ធនាគារ ជនជាប់ឃុំចូលរួម ចំនួន ១៧៩.១២១លើក (ស្ត្រី ១២.៤៣៥នាក់) ក្នុងនោះធ្វើអំណាននៅបណ្ណាល័យ ៦៤.៦៧១លើក (ស្ត្រី ៣.៦៣២លើក) និងបានខ្ចីសៀវភៅអាន ១១៤.៤៥០លើក (ស្ត្រី ៨.៨០៣លើក»

លោកបន្តថា ជនជាប់ឃុំចូលរួមកម្មវិធីអប់រំកែប្រែ ចំនួន ២៤០.៣៦៩នាក់ (ស្ត្រី ១៣.០៥នាក់) មានជាអាទិ៍ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ រៀនអក្ខរកម្ម ថ្នាក់សមមូល ភាសាបរទេស សីលធម៌ ព្រះធម៌ ចូលរួមកម្មវិធីហាត់ប្រាណ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួនទណ្ឌិត៕