(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានចាត់ឲ្យលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការត្រួតពិនិត្យ តាមដាន និងវាយតម្លៃសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រឯកជន បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមន្ទីរពេទ្យឯកជន ក្នុងរាជធានីភ្នំពេញ។

លោក ង៉ូវ កាង បានបញ្ជាក់ថា ការពិនិត្យនេះមិនមែនត្រឹមតែមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញនោះទេ ពោលគឺនៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យប្រាកដថា នៅតាមបណ្ដាមន្ទីរសម្រាកព្យាបាលឯកជនទាំងអស់ ត្រូវតែមានពេទ្យជំនាញ មានវិជ្ជាជីវ និងសម្ភារៈបរិក្ខា ស្របទៅតាមណែនាំរបស់ក្រសួងសុខាភិបាល មុនឈានដល់ការផ្ដល់ជូនពលរដ្ឋ ខណៈបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យសុខាភិបាល ពិសេសអ្នកផ្ដល់សេវាទៅដល់ពលរដ្ឋ។

លោកបានបន្ថែមថា គ្រប់គ្លីនិកទាំងអស់ត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងគណៈគ្រូពេទ្យដើម្បីចៀសពីបញ្ហា ដែលអាចកើតឡើងលើទីតាំងរបស់ខ្លួនដែលកំពុងប្រកបអាជីវកម្ម។ លោកថា វាគ្រោះថ្នាក់បំផុតក្នុងការដែលអ្នកផ្ដល់សេវាមិនវិជ្ជាជីវៈត្រឹមត្រូវ ធ្វើឲ្យការផ្តល់សេវានោះគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋ។

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ គូសបញ្ជាក់ទៀតថា គ្រប់ទីតាំងផ្ដល់សេវាទាំងអស់តម្រូវឲ្យមានការធ្វើកិច្ចសន្យា និងត្រូវតែគោរពតាមការអនុលោម ក្នុងជ្រើសរើសបុគ្គលិកក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែមានការឆ្លងកាត់គណៈវិជ្ជាជីវ បទពិសោធន៍ត្រឹមត្រូវដែលទទួលស្គាល់ពីក្រសួងសុខាភិបាល។

ជាមួយគ្នានេះ លោកក៏សំណូមពរដល់អ្នកទទួលសេវាព្យាបាល មុនជ្រើសរើសទីតាំងផ្ដល់សេវាត្រូវមានកាសួរនាំ និងស៊ើនឲ្យបានច្បាស់លាស់ពីកន្លែងផ្តល់សេវា ចៀសវាងការទទួលសេវាកម្មព្យាបាលតាមគ្នានាំឲ្យមានហានិភ័យ។ ដោយឡែកប្រសិន ទៅព្យាបាលឃើញថា ទីតាំងដែលផ្ដល់សេវាមិនមានលក្ខណៈសុវត្ថិភាព សូមផ្ដល់ព័ត៌មានមកក្រសួងសុខាភិបាល ដែលមានគណៈកម្មការត្រួតពិនិត្យ តាមដានវាយតម្លៃ សេវាវិជ្ជសាស្រ្ត និងធ្វើការចុះត្រួត ពិនិត្យទីតាំង នោះដើម្បីកែតម្រូវ ឬ អាចឈានទៅដល់ការបិត ប្រសិនរកឃើញកំហុសធ្ងន់ធ្ងរ។

លោកបានក្រើនរំលឹក គ្រូពេទ្យទាំងអស់ដែលប្រកបវិជ្ជាជីវៈសូមធ្វើយ៉ាងណាព្យាបាលអ្នកជំងឺដោយចិត្តមេត្តា និងត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈរបស់ខ្លួន ហើយលោកទទូចដល់ប្រជាពលរដ្ឋមេត្តាកុំទាន់រិះគន់ដល់ក្រសួងសុខាភិបាល ពីសេវាព្យាបាលពោលត្រូវរកមូលហេតុ និងសកម្មភាពនៃការព្យបាលរបស់គ្រូពេទ្យឲ្យច្បាស់ថា មានក្រមសីលធម៍ ឬមិនមាន បើរកឃើញមិនមានសូមផ្តល់ដំណឹងជូនក្រសួង និងមន្ទីរដើម្បីស៊ើបអង្កេត និងអនុវត្តវិធានការ៕