(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ការជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាពេលខាងមុខ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក និងក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង សរុបចំនួនជិត ៦០នាក់។

បន្ទាប់ពីលោក ទេព ភារុន អនុប្រធានលេខាធិការដ្ឋានក្រុមការងារកម្មករ ពលករចំណាកស្រុកនៃខេត្តព្រៃវែង អានសេចក្តីណែនាំស្តីពីកម្មវិធី និងខ្លឹមសារនៃគម្រោងជំនួបសំណេះសំណាលជាមួយកម្មករ ពលករចំណាកស្រុកនេះរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានស្នើឱ្យក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង ម្ចាស់ការរៀបចំកម្មវិធីជួបសំណេះសំណាលនេះ នៅតាមភូមិ ឃុំ និងស្រុក នៅពេលដែលកម្មករ និងពលករចំណាកស្រុក វិលត្រឡប់ទៅលេងស្រុកកំណើតវិញ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខ។ លោករដ្ឋមន្ត្រីប្រធានក្រុមការងារបានផ្តាំផ្ញើជាពិសេសដល់ក្រុមការងារត្រូវចុះជួបសួរសុខទុក្ខកម្មករ ពលករចំណាកស្រុកដោយផ្ទាល់នៅតាមខ្នងផ្ទះតែម្តង។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុកនៃខេត្តព្រៃវែង បានថ្លែងមតិរំលឹកពីការចូលរួមចំណែកផ្នែកសេដ្ឋកិច្ច នយោបាយ របស់កម្មករចំណាកស្រុករយៈពេលកន្លងមក ពិសេសការលើកស្ទួយជីវភាពរបស់ក្រុមញាតិគ្រួសារ ការចូលរួមប្រយុទ្ធគ្រប់គ្រងកូវីដ និងការបោះឆ្នោតឃុំសង្កាត់ជូនគណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

សម្រាប់ការបោះឆ្នោតជាតិ ក្រុមការងារគ្រប់ថ្នាក់ត្រូវផ្សារភ្ជាប់ជាប្រចាំជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ដើម្បីពង្រឹងជំនឿជាក់ និងក្តីស្រលាញ់ដោយបេះដូងរបស់បងប្អូនមកលើគណបក្សប្រជាជនកម្ពុជា និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះរៀងរហូត ដើម្បីសុខសន្តិភាព វឌ្ឍនភាព វិបុលភាព របស់មាតុភូមិ និងប្រជាជនយើង។

សូមជម្រាបជូនថា ក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧។ ខេត្តព្រៃវែង មានកម្មករ ពលករចំណាកស្រុកសរុបចំនួន១៨៩.២៧៦នាក់ ស្រី១០១.១៤៧នាក់ ក្នុងនោះមានកម្មករ ពលករចំណាកស្រុកក្នុងប្រទេសចំនួន ១៦៨.១០០នាក់ ស្រី ៩២.៥០៣នាក់ និងកម្មករ ពលករចំណាកស្រុកក្រៅប្រទេសចំនួន ២១.១៧៦នាក់ ស្រី ៨.៦៤៤នាក់៕