(កំពង់ស្ពឺ)៖ កងអនុសេនាតូចបោសសំអាតមីនចំនួន៥កង មានចំនួន១៦៦នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ នៅសាលាហ្វឹកហ្វឺនកងរក្សាសន្តិភាពពហុជាតិ (PKO) ស្ថិតនៅភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌នេះ មានរយៈពេល១០សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និងបែងចែកជា០៥ជំនាញផ្សេងៗគ្នា។ នេះជាវគ្គហ្វឹកហ្វឺនលើកទី២ ដែលសាលាទទួល សិក្ខាកាមមកពីមជ្ឈមណ្ឌលជាតិ, បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មកធ្វើការហ្វឹកហ្វឺន ដែលលើកទី១ បានប្រារព្ធឡើងនាកំឡុង ខែសីហា ឆ្នាំ២០២២ មានសិក្ខាកាមសរុបចំនួន០៩កង អនុសេនាតូចស្មើនឹង២៣៤នាក់ មកពីបញ្ជាការដ្ឋានកងទ័ពជើងទឹក។

ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ ព្រមទាំងផ្ទេរប្រគល់សម្ភារៈបោសសំអាតមីន ជូនកងអនុសេនាតូចបោសសំអាតមីនចំនួន៥កងផងដែរ។

ខ្លឹមសារនៃការហ្វឹកហ្វឺនរួមមានទី១៖ ជំនាញបោសសម្អាតមីនដោយដៃ, ទី២៖ ជំនាញកម្ទេចគ្រាប់មីនមិនទាន់ផ្ទុះ (EOD), ទី៣, ជំនាញសិក្សាស្រាវ (ប្លង់), ទី៤៖ ជំនាញបើកបររថយន្តសង្គ្រោះធន់តូច-ធំ និងទី៥៖ ជំនាញសង្គ្រោះបឋម។ ក្រៅពីជំនាញនេះសិក្ខាកាមបានហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៉ីនរាវមីន VMH4 ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអាឡឺម៉ង់ និងបានបង្ហាត់ដោយគ្រូ នៃក្រុមហ៊ុនក្នុងប្រទេសអាលឺម៉ង់ផងដែរ។

ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងអាជ្ញាធរមីនកម្ពុជា បានឧត្តមសេនីយ៍ សែម សុវណ្ណនី បានបង្ហាញវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌នេះ គឺសំដៅដល់ការពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទសម្រាប់ចូលរួមបោសសំអាតមីន មនុស្សធម៌ក្នុងប្រទេស និងដើម្បីលើកកម្ពស់សមត្ថភាពកងកម្លាំងរក្សាសន្តិភាព សម្រាប់អនុវត្តភារកិច្ចក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។ វគ្គហ្វឹកហ្វឺននេះបានមក ដោយសារកិច្ចខិតខំប្រឹងប្រែង ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកៀរគរថវិកាពីសប្បុរសជន ដើម្បីភូមិ-ឃុំមានសុវត្ថិភាព។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា កេរ្តិ៍ដំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាត្រូវបានសង្គ្រាមរាប់ទសវត្សន៍ និងជម្លោះផ្ទៃក្នុង បន្សល់ទុក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះច្រើនជាងគេបំផុត ក្នុងពិភពលោក។ ចាប់តាំងពីកម្ពុជាចាប់ផ្តើមស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ រាជរដ្ឋាភិបាលបានកំណត់យក សកម្មភាពកំចាត់មីន ជាផ្នែកមួយដ៏សំខាន់នៃការរៀបចំផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ហើយបានចាត់ទុកវិស័យសកម្មភាពកំចាត់មីន ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៨ បន្ថែមលើគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ (SDGs)។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា សម្រាប់កម្ពុជា ការបញ្ចូលវិស័យនេះ គឺជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្រ្តចតុកោណរបស់ខ្លួន និងជាសមាសធាតុមួយយ៉ាងសំខាន់នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ដូចនេះហើយ ទើបរៀងរាល់ឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រារព្ធពិធី ដើម្បីរំលឹកប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយ សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនេះ។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមកម្មវិធី «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដើម្បីចូលរួមចំណែកសម្រេចបាន នូវកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានរំលឹកថា កម្ពុជាបានចាប់ផ្តើមការងារបោសសំអាតមីនជាលក្ខណៈមនុស្សធម៌ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ ដោយប្រតិបត្តិករកងទ័ព ហើយត្រូវបានចូលរួមជាបន្តបន្ទាប់ពីសំណាក់ប្រតិបត្តិករជាតិ-អន្តរជាតិ ដើម្បីរួមចំណែកក្នុងការសង្គ្រោះជីវិត កាត់បន្ថយគ្រោះថ្នាក់ បម្រើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ ផ្តល់ដីបង្កបង្កើនផល សម្រាប់ប្រជាជនភៀសសឹកដែលត្រូវធ្វើមាតុភូមិនិវត្ត តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងគាំទ្រដល់កិច្ចអភិវឌ្ឍន៍នានា។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា នាឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបានសន្តិភាពពេញលេញ ទូទាំងប្រទេស បង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ឱ្យមានលទ្ធភាពគ្រប់គ្រាន់ចាត់ចែងការងារវិស័យសកម្មភាពមីន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទៅដល់គ្រប់តំបន់ដែលរងការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងរយៈពេលជាង៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ និងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»

ចំពោះសិក្ខាកាមមកពីបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ ទទួលបានរយន្តធំចំនួន ១គ្រឿង រថយន្តពេទ្យ ១គ្រឿង រថយន្ត Ford ៣គ្រឿង សម្ភារបោសសម្អាតមីន និងវិទ្យុទាក់ទង ចំណែកបញ្ជាការដ្ឋានកងទ័ពជើងទឹក ទទួលបានរថយន្តធំ ១គ្រឿង រថយន្តពេទ្យ ១គ្រឿង រថយន្ត Ford ១គ្រឿង សម្ភារបោសសម្អាតមីន និងវិទ្យុទាក់ទង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕