(កំពត)៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្នុងទិសដៅលើកកម្ពស់សុខភាពសិក្សា ដើម្បីធានាគុណភាពនិងសុវត្ថិភាពធនធានមនុស្ស ក្រសួងអប់រំ យុវជន និងកីឡា សហការអគ្គលេខាធិការដ្ឋានអាជ្ញាជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មេរោគអេដស៍ គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានរៀបចំសិក្ខាសាលាស្តីពីការបង្ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់ ជំងឺអេដស៍ មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ដែលមានអ្នកចូលរួមពីអ្នកពាក់ព័ន្ធ ក្រុមប្រឹក្សាយុវជន ក្រុមសិស្សកាកបាទក្រហម សិស្សកាយរិទ្ធ និងមន្រ្តីចំនួន២៦៥នាក់។

លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានស្វាគមន៍ របាយការណ៍ពាក់ព័ន្ធនឹងកិច្ចខិតខំការងារសុខភាពសិក្សារបស់ខេត្តកំពត។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានថ្លែងថា ការថែទាំយុវជនឱ្យមានសុខភាពល្អរឹងមាំជាការងារសំខាន់ចាំបាច់ ដែលត្រូវតែរួមគ្នាគិត រួមគ្នាធ្វើ ពិសេសការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដើម្បីពួកគាត់បានយល់ដឹង និងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ពិសេសត្រូវរួមគ្នាឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះវាជាប្រភពបង្កបញ្ហាជាច្រើនដល់ធនធានមនុស្ស តម្លៃសង្គម និងសេដ្ឋកិច្ចជាតិ។

បណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការ តំណាងឱ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការអប់រំ បណ្តុះបណ្តាលយុវជន គឺពិតជាបានជួយឱ្យយុវជនទទួលបានចំណេះដឹងសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា សម្បទាទាំង៥នេះ អាចជួយយុវជនមានសមត្ថភាពចូលរួមកាន់តែសកម្មជួយដល់សង្គមជាតិ។

បណ្ឌិតសឿ សុជាតា បានថ្លែងបន្តថា «យុវជនល្អរួមគ្នាគាំទ្រការប្រឆាំងគ្រឿងញៀនគ្រប់ប្រភេទដើម្បី ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ការងារសុខភាពសិក្សាជាការងារសំខាន់សម្រាប់ឱ្យយុវជន ដែលជាទំពាំងស្នងឬស្សីដែលទាមទារការថែទាំទើបរីកលូតលាស់ល្អប្រកបដោយគុណភាពសម្រាប់ទ្រទ្រង់ប្រទេសជាតិនៅថ្ងៃអនាគត ព្រោះថាសុខភាពកុមារ និងយុវជនមិនអាចរីកលូតលាស់បានទេក្នុងបរិស្ថានមិនល្អ ប្រកបដោយគ្រោះថ្នាក់នៃគ្រឿងញៀន និងជំងឺនានានោះ»