(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញទស្សនគាំទ្រការបញ្ជូន និងប្រគល់មរតកវប្បធម៌ទាំងឡាយទៅឱ្យប្រទេសជាម្ចាស់វិញ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល និងដើម្បីជាគំរូចម្បងនៃការយល់ឃើញថា «មរតកបេតិកភណ្ឌនៃប្រទេសណា គួរតែវិលត្រឡប់ទៅកាន់មាតុភូមិខ្លួនវិញ»

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសទទួល​រតន​វត្ថុ​របស់ខ្មែរមួយចំនួន ដែលទើបនឹងទាមទារបានពីបរទេសមកវិញ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីដែលកម្ពុជានិងដៃគូអន្តរជាតិកំពុងប្រារព្ធធ្វើនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជាដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងយុទ្ធនាការសកល «ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ចរាចរណ៍ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌» ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។

សម្តេចតេជោបានថ្លែងទៀតថា កម្ពុជាជាប្រទេសតូចមួយធ្លាប់ឆ្លងកាត់សង្គ្រាម និងទទួលរងនូវភាពខ្ទេចខ្ទាំយ៉ាងដំណំ ប៉ុន្តែបច្ចុប្បន្នបានធ្វើសមាហរណកម្មខ្លួនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងអន្តរជាតិ ហើយក៏កំពុងដើរតួនាទីយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការសកលនៃការអភិរក្សមរតកវប្បធម៌ និងអរិយធម៌របស់មនុស្សជាតិ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់រដ្ឋាភិបាលនៃប្រទេសនានា និងភាគីពាក់ព័ន្ធដែលបានចូលរួមធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលទាំងនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណជាពិសេសដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនោះមានដូចជាក្រសួងការបរទេស ក្រសួងសន្តិសុខមាតុភូមិ ក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ពិសេសឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ផាទ្រីក មូរហ្វ៉ី (Patrick Murphy) ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ រួមជាមួយការគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។

សម្តេចតេជោបានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការបុរាណខ្មែរត្រឡប់មកប្រទេសម្ពុជាវិញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកកិច្ចសហការរវាងប្រទេសជាមួយដៃគូអង្គការនានា ដែលនាំមុខដោយអង្គការយូណេស្កូ លើកិច្ចគាំពារ សហការ និងថែរក្សាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ គឺជាគំរូដ៏មានសារសំខាន់ក្នុងការផ្លាស់ប្ដូរជាវិជ្ជមាននៃសាធារណមតិ ក៏ដូចជានិន្នាការសីលធម៌ និងគុណធម៌សកល ដែលយល់ឃើញកាន់តែច្រើនឡើងៗថា «មរតកបេតិកភណ្ឌនៃប្រទេសណា គួរតែវិលត្រឡប់ទៅកាន់មាតុភូមិខ្លួនវិញ»