(ស្វាយរៀង)៖ ក្រោយមានករណីផ្ទុះជម្លោះរវាងម្ចាស់ដីនិងអាជ្ញាធរ រឿងចាក់ដីលុបព្រែកសាធារណៈ​ នៅព្រឹកថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២៣នេះ លោក​ ហែម ពិសិដ្ឋ អភិបាលរងខេត្តតំណាងលោក​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានដឹកនាំកម្លាំងចម្រុះ ចុះជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ​ ជុំវិញរឿងចាក់ដីចូលដីចំណីព្រែកមួយកន្លែង​ស្ថិតក្នុងភូមិត្រពាំងដំរី​ ឃុំកំពង់អំពិល​ ស្រុករំដួល​ ខេត្តស្វាយរៀង​ និងបានចុះពិនិត្យផ្ទាល់ដល់ទីតាំងដីផងដែរ។

ការចុះដោះស្រាយវិវាទនេះ មានចូលរួមពីលោកអនុប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ លោកប្រធាន​ អនុប្រធាន​ មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសូរិយោដីខេត្ត​ លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ​ និងសំណង់សាលាខេត្ត​ លោកប្រធានការិយាល័យរៀបចំដែនដី​ នគររូបនីយកម្ម​ សំណង់​ និងភូមិបាលស្រុករំដួល​ លោកមេឃុំកំពង់អំពិល​ លោកមេភូមិត្រពាំងដំរី​ និងប្រជាពលរដ្ឋដែលពាក់ព័ន្ធ។

នាឱកាសនោះលោក​ ហែម ពិសិដ្ឋ បានថ្លែងថា ចំពោះករណីនេះលោកនឹងឲ្យលោកប្រធានមន្ទីរធនធានទឹក សហការជាមួយរដ្ឋបាលស្រុកមន្ត្រីសុរិយោដីខេត្តស្រុក ចុះពិនិត្យវាស់វែងកំណត់ព្រំដី ចំណីព្រែកចំណីអូរ ចាប់ពីចំណុច កើតហេតុនេះរហូតដល់ព្រំដែន ដើម្បីទប់ស្កាត់ទំនាស់និងជនខិលខូចលួចចាក់ដីរំលោភយកដីព្រែកចំណីព្រែកសាធារណៈរបស់ទៅធ្វើជាកម្មសិទ្ធិ។

ជាលទ្ធផលឈ្មោះ​ មាស​ សង្ហា ដែលជាម្ចាស់អ្នកចាក់ដី យល់ព្រមតាមដំណោះស្រាយគឺ បើអាជ្ញាធរវាស់វែងទៅ ប៉ះពាល់កំណត់ចំណីព្រែកនិងអូរត្រឹមណា ហើយវាស់វែងឲ្យខ្លួនត្រឹមណា គឺទទួលយកប៉ុណ្ណឹង។

បេីតាមលោក ហែម​ ស៊ីណា អភិបាលស្រុករំដួល​ ក៏បានបញ្ជាក់ពីរឿងរ៉ាវឱ្យដឹងដូចនេះថា កាលពីថ្ងៃទី១៦,១៧ និង១៨ខែកុម្ភៈ២០២៣​ មានឈ្មោះ​ មាស​ សង្ហា អាយុ៤៥ឆ្នាំ​ រស់នៅក្នុងភូមិត្រពាំងដំរីឃុំកំពង់អំពឹល បានដឹកដីលប់ព្រែកនិងដីចំណីព្រែកលាក់ដំរី យកធ្វើជាកម្មសិទ្ធិ អាជ្ញាធរឃុំ ចុះទៅឃាត់មិនព្រមបញ្ឈប់ទើបក្រុមការងាររដ្ឋបាលស្រុករំដួលចុះទៅឃាត់ហើយរាយការណ៍ជូនលោកអភិបាលខេត្ត បានបញ្ជាឲ្យមន្ត្រីមន្ទីរធនធានទឹកចុះពិនិត្យជាក់ស្តែងឃើញថា ពិតជាចាក់ដីចូលព្រែកនិងចំណីព្រែកពិតប្រាកដមែន ទទឹង​ ១០ម៉ែត្របណ្តោយ៥០ម៉ែត្រអាជ្ញាធរបានឲ្យកាយដី ចេញដូចសភាពដើមវិញ។

លោកប្រធានមន្ទីរធនធានទឹក​ ពិនិត្យហើយបានចេញលិខិតមកលោកអភិបាលស្រុក​ សុំអន្តរាគមន៍និងមានវិធានការកាយដីប្រមាណ១,៧៩៥ម៉ែត្រការ៉េ ។​ ដោយឡែកកាលពីពេលថ្មីៗនេះ​ ការរាយការណ៍លោកមេឃុំ ថា ឈ្មោះ​ មាស​សង្ហា​ នេះចងចាក់ដីនៅផ្នែកខាងត្បូងជាប់ដីចាក់ថ្មី លោកអភិបាលស្រុកឲ្យដាក់ពាក្យស្នើសុំ មករដ្ឋបាលស្រុកដោយភ្ជាប់នូវលិខិតពាក់ពន្ធ័មកជាមួយផងទើបអនុញ្ញាតឲ្យចាក់ដី។

លោក​ ហែម ស៊ីណា បានឲ្យដឹងថា ក្នុងនោះក៏មានលោកវរៈសេនីយ៍ឯកទឹតស៊ីថា មេបញ្ជាការវរៈការពារព្រំដែនគោកនៃតំបន់ប្រតិបត្តិការសឹករងស្វាយរៀង​ និយាយចោទប្រកាន់តាមបណ្តាញសង្គមហ្វេសបុក មកលើអាជ្ញាធរស្រុកថា ជាអ្នកមិនអនុញ្ញាតហើយដៀលអាជ្ញាធរថា ជាមន្ត្រីផ្លែល្ពៅ គ្មានភាពទទួលខុសត្រូវដោយស៊ីញេនិងដៃ លុបនិងជើង ជាអ្នកបំផ្លាញគណបក្សប្រជាជន នេះជាប្រមាថយ៉ាងធ្ងន់ធ្ងរ ។

រដ្ឋបាលស្រុករំដួល​ ក៏បានចេញលិខិតប្រតិកម្ម សូមឲ្យលោក​ ទិត្យ ស៊ីថា ចេញលិខិតសុំទោសជាសាធារណៈ បើពុំដូច្នោះទេ លោក​ ហែម ស៊ីណា និងចាត់ការតាមនីតិវិធីច្បាប់។

ទាក់ទិនករណីនេះដែរលោក​ ទិត្យ ស៊ីថា បានឲ្យដឹងថា  លោកពិតជាបាននិយាយថា មន្ត្រីគ្រាប់ល្ពៅ ពិតប្រាកដមែន ដោយអាជ្ញាធរគ្មានភាពទទួលខុសត្រូវ សុីញេ និងដៃ លុបនិងជើង ចេញលិខិតបញ្ជាក់ទទួលស្គាល់ដីឲ្យប្រជាពលរដ្ឋ ឈ្មោះ​ សង្ហា ហើយបែជាបដិសេធន៍មិនទទួលស្គាល់ ហើយហាមឃាត់មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចាក់ដីលើកភូមិ មន្ត្រីបែបនេះ គឺខ្មែរហៅថាមន្ត្រីគ្រាប់ល្ពៅ មន្ត្រីគ្រាប់ត្នោត ហើយមន្ត្រីបែបនេះហើយជាអ្នកបំផ្លាញសន្លឹកឆ្នោតគណបក្សប្រជាជន ក្នុងនាមលោកជាមន្ត្រីគណបក្សប្រជាជនត្រូវតែនិយាយ ហើយបើលោកនិយាយភាពត្រឹមត្រូវ ឲ្យទៅសុំទោសជាសាធារណៈលោកមិនសុំទេគឺលោកមិនខុស។

លោក​ ហែម ស៊ីណា​ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ចង់ចុះបញ្ជីដីធ្លីឬលក់ទិញ ផ្ទេរកម្មសិទ្ធិត្រូវស្នើរសុំទៅរដ្ឋបាលស្រុកដើម្បីធ្វើឲ្យត្រឹមត្រូវតាមច្បាប់ ចៀសវាងមានជម្លោះទៅថ្ងៃក្រោយ៕