(កំពត)៖ បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតថាស្ត្រីឈ្មោះ​ សៀង​ ស្រីអូន​ ដែលរងគ្រោះដោយ​ពេទ្យគ្លីនិកដើមអង្ក្រង កាយយកសពទារករំលូតក្នុងផ្ទៃ​ ដោយទាំងពោះវៀន បានផុតដង្ហើមភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់មន្ដ្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ និងចូលរួមបុណ្យសពដល់គេហដ្ឋាន នៅភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត​។

លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រោយទទួលដំណឹងមរណភាពរបស់ក្មួយស្រីអូនភ្លាម កាលពីព្រឹកមិនញនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី នាំយកថវិកា និងទេយ្យវត្ថុមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខ។
នេះបានបង្ហាញឱ្យឃើញពីជាការចូលរួមរំលែកនូវមរណៈទុក្ខផង និងការគិតគូរពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ផងដែរ។

លោកស្រីបន្ដថា «កន្លងមកសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត បានយកចិត្ដទុកដាក់ខ្ពស់ណាស់ ដល់សុខទុក្ខរបស់ក្មួយស្រីអូន តាំងពីគាត់ត្រូវបានឆ្មបនៅគ្លីនិកឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន បណ្ដាលគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយត្រូវមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ដំណាក់នោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជួយរ៉ាប់រងរាល់ការចំណាយទាំងអស់ ឱ្យតែក្មួយស្រីរូបនេះ នៅមានជីវិត ទោះសង្ឃឹមតិចក្ដី ឬរស់បានក្នុងរយៈពេលខ្លីក្ដី ក៏សម្ដេចផ្ដាំផ្ញើដល់គ្រូពេទ្យត្រូវតែខិតខំប្រឹងប្រែងព្យាបាលឱ្យអស់ពីលទ្ធភាព។ ហើយកំលុងព្យាបាលនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានចាត់តំណាងចុះសួរសុខទុក្ខ ជាបន្ដបន្ទាប់ ដោយនាំយកនូវជាមួយនឹងថវិកា ជូនដល់ក្រុមគ្រួសារគាត់ទុកចំណាយចាយវាយកំលុងនៅមើលថែក្មួយស្រីអូន។ ជាងនេះទៅទៀត ទោះកំលុងស្រីអូន ទៅព្យាបាលនៅប្រទេសថៃ ក៏សម្ដេចនៅតែសួរនាំសុខទុក្ខជាប់ជានិច្ចផងដែរ»។

តែដោយគ្មានមនុស្សណាម្នាក់អាចរស់នៅបានដោយពោះវៀន សម្រាប់ទទួលយកនូវអាហារមកចិញ្ចឹមសារពាង្គកាយបានទេ ។ដូច្នេះក្រោយការខិតខំប្រឹងប្រែងសង្គ្រោះអស់ពីសមត្ថមភាពរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត បញ្ហាប្រឈមគ្រោះថ្នាក់គាត់ក៏លេចឡើងជាបន្ដបន្ទាប់ ដែលបណ្ដាលឱ្យស្លាប់បាត់នៅថ្ងៃនេះ។

ក្នុងឱកាសចូលរួមរំលែកទុកនេះ លោកស្រីក៏បានពាំនាំនូវប្រសាសន៍របស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលផ្តាំផ្ញើលើកទឹកចិត្តដល់លោក​ ផេង​ វឿន​ ដែលត្រូវជាស្វាមីរបស់​ស្រីអូន​ ត្រូវមានស្មារតីរឹងប៉ឹង​ ខិតខំតស៊ូជម្នះការលំបាក ដើម្បីជីវិតរស់នៅបន្តទៀត​ ដើម្បីមើលថែកូនស្រីដែលមានអាយុជាង៣ឆ្នាំនេះ ឱ្យទទួលបានភាពកក់ក្ដៅ ទោះអត់ពីម្ដាយក៏ដោយ ពិសេសឱ្យកូនបានសិក្សារៀនសូត្រខ្ពង់ខ្ពស់​ ដើម្បីអនាគតភ្លឺស្វាង។

សូមជម្រាបថា ថ្ងៃនេះ​ជាលើកទី៤​ ដែល​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ​លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ ចុះមកចូលរួមរំលែកមរណទុក្ខ​ ជូនដំណើរជាលើកចុងក្រោយ​ និងចូលបុណ្យសពនូវ​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ៥កេស,​ ត្រីខ​ ៥០កំប៉ុង,​ ទឹកក្រូច​ ៥កេស​ និងថវិកា​ ១០លានរៀល។

ក្រុមគ្រួសារសព​របស់​ សៀង​ ស្រីអូន​ បានលើកដៃប្រណមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបួងសួងដល់វត្ថុសក្ដិសិទ្ធ ជូយថែរក្សា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា និងក្រុមគ្រួសារ បានប្រកបទៅដោយសេចក្ដីសុខចម្រើនជានិរន្ដ៍ ពិសេសជាម្លប់ដល់កូនចៅ៕