(កណ្ដាល)៖ អ្នកបើកម៉ូតូ Passapp ត្រូវបាននគរបាលខេត្តកណ្ដាល ហៅទៅធ្វើការអ​ប់រំណែនាំ បន្ទាប់ពីមានការផ្សព្វផ្សាយលើ បណ្តាញសង្គម ទាក់ទងទៅនឹងក្រុមម៉ូតូផាស់អាប់ ( Passapp ) ដែលបំពាក់អំពូលភ្លើង និងស៊ីផ្លេខុសបច្ចេកទេស ហើយបើកបរយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវ។

បើតាមមន្ត្រីនគរបាល បានថ្លែងថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ម៉ូតូកង់បី Passapp កែច្នៃខុសលក្ខណៈបច្ចេកទេសមួយគ្រឿងម៉ាក BAJAJ ពណ៌លឿង ពាក់ផ្លាកលេខព្រះសីហនុ 1H-6593 បើកបរដោយបុរសអាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ក្នុងដឹកកម្មករទៅធ្វើការនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមចម្លើយរបស់អ្នកបើកបរ គឺផាសអាប់នេះ គាត់ទិញមកពីគេ ហើយគេតុបតែងដូចនេះតែម្តង ប៉ុន្តែគាត់សុខចិត្តសហការជាមួយកម្លាំងសម្ថតកិច្ច ដើម្បីដោះភ្លើង ស៊ីផ្លេដែលតុបតែងនេះចេញឱ្យត្រូវលក្ខណៈបច្ចេកទេស ដើមវិញ។

កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់សាធារណៈក្រុងតាខ្មៅ បានធ្វើកិច្ចសន្យាអប់រំណែនាំ គាត់កុំឱ្យតុបតែងភ្លើង និងស៊ីផ្លេខុសបច្ចេកទេសដូចនេះទៀត និងផ្តាំទៅបងប្អូនប្រជាពលរដ្ឋដែលប្រកបរបររត់ផាស់អាប់ (កង់បីឥណ្ឌា) សូមបញ្ឈប់ជាបន្ទាន់នូវការតុបតែងដែលមានលក្ខណៈខុសបច្ចេកទេ បើមិនដូច្នោះទេ កម្លាំងនគរបាលឃើញនៅលើដងផ្លូវគឺចាប់តែម្ដងដោយគ្មានយោគយល់ទេ៕