(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកស្រី Kamei Karuko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ចូលជួបពិភាក្សាការងារ និងជម្រាបលា ខណៈលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជា នៅចុងខែមីនា ឆ្នាំនេះ។

ក្នុងជំនួបនេះមានការចូលរួមពីលោកស្រី Miyahara Ai តំណាងជាន់ខ្ពស់របស់ JICA ប្រចាំប្រទេសកម្ពុជា និងលោក គង់ វិសិដ្ឋ មន្ត្រីគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ផងដែរ។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី Kamei Haruko និងសហការីដែលបានមកចូលរួមក្នុងជំនួបនេះ ដែលជាផ្នែកមួយក្នុងការបន្តព្រឹងកិច្ចសហប្រតិបត្តិការកាន់តែល្អបន្ថែមទៀត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

លោកជម្រាបជូនភ្ញៀវថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ។ គម្រោងនេះមានរយៈពេលពីឆ្នាំ២០២៣ ដល់២០២៨ គ្រោងនឹងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងប្រវែងសរុប ៥២៩គីឡូម៉ែត្រ នៅខេត្តគោលដៅទាំង ៤ គឺខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ហិរញ្ញប្បទាន របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។

ជាកាឆ្លើយតប លោកស្រី Kamei Haruko បានថ្លែងអំណរគុណចំពោះបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី ដែលបានអនុញ្ញាតឲ្យលោកស្រី និងសហការីបានជួបសំដែងការគួរសម និងពីភាក្សាការងារនាពេលនេះ ហើយលោកស្រីបានសម្ដែងនូវការគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ដំណើរការអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនៅកម្ពុជា។

លោកស្រី Kamei សម្តែងនូវសុទិដ្ឋិនិយមថា ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាដៃគូរមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀត ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅជនបទ តាមរយៈការស្ដារ និងសាងសង់ផ្លូវនៅទីជនបទ៕