(កំពង់ធំ)៖ សមាគមកែលម្អជីវភាពកសិករនៅខេត្តកំពង់ធំ បានរៀបចំសន្និបាតលើកទី៥ ប្រចាំឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD) ក្រោមអធិបតីភាពលោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក ណុប ណូវី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប TSSD-AF លោក ប្រាក់ ជាតិថូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម និងជាប្រធានគ្រប់គ្រងគម្រោង TSSD-AF លោក ជិម សារ៉េន នាយកប្រតិបត្តិសមាគម និងលោកស្រី ម៉ន លក្ខិណា ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមកែលម្អជីវភាពកសិករថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

លោកស្រី ម៉ន លក្ខិណា បានលើកឡើងថា សន្និបាតលើកទី៥ ប្រចាំឆ្នាំ២០២២ របស់សមាគមកែលម្អជីវភាពកសិករនេះ មានការចូលរួមពីសមាជិកតំណាង ក្រុមកែលជីវ ភាពថ្នាក់ឃុំ សង្កាត់ ចំនួន ២៧០ ឃុំ សង្កាត់ ក្នុងខេត្តគោលដៅនៃគម្រោង និងពាក់ព័ន្ធក្នុងគម្រោង TSSD-AF និងអង្គការដៃគូរអភិវឌ្ឍន៍នានា។

លោកស្រីបានបន្តថា សមាគមកែលម្អជីវភាពកសិករ ត្រូវបានបង្កើត និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។ ចក្ខុវិស័យរបស់សមាគម កែលម្អជីវភាពកសិករ គឺសមាគមកែលម្អ ជីវភាពកសិករ ជាសមាគមដែលប្រជាកសិករជាម្ចាស់ និងគ្រប់គ្រងដោយខ្លួនឯងទាំងស្រុង ដើម្បីការអភិវឌ្ឍជីវភាពរស់នៅ និងការរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់កសិករ ហើយបេសកកម្ម របស់សមាគមកែលម្អជីវភាពកសិករ គឺដើម្បីពង្រឹងការអភិវឌ្ឍ និងលើកកម្ពស់ក្រុមកែលម្អជីវភាព (LIGs) ដោយផ្ទាល់ព្រមទាំងផ្តល់ជូនសេវាកម្មគ្រប់គ្រង និងសេវាកម្មផលិតភាព ដើម្បីសមាជិកក្រុមអាចបង្កើនសមត្ថភាពចិញ្ចឹមក និងអភិវឌ្ឍជំនាញ វិជា្ជជីវៈកាន់តែប្រសើរ។

លោក ចាន់ តារា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម ដែលបានផ្តល់ហិរញ្ញប្បទានក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈគម្រោងកាត់ បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិករខ្នាតតូចតំបន់ទន្លេសាបនេះ ព្រមទាំងកោតសរសើរដ៏ស្មោះដល់ក្រុមការងារ អនុវត្តគម្រោងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ក្រុមការងារសម្របសម្រួលគម្រោងថ្នាក់ខេត្ត ក្រុមទីប្រឹក្សា ក្រុមការ ងារសេវាករ និងលោក លោកស្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តគម្រោងទទួលបានជោគជ័យ និងលទ្ធផលដ៏ធំធេងកន្លងមក។

លោកបានបន្ថែមទៀតថា សន្និបាតនេះអាចឲ្យ លោក លោកស្រី ថ្នាក់ដឹកនាំគម្រោង និងទីប្រឹក្សាគ្រប់គ្រងគម្រោង សេវាករជាជំនាញ និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ មកពី២៧០ឃុំ/សង្កាត់ បានយល់ដឹងបន្ថែមទៀត ដើម្បី ពិនិត្យតាមដានលើបទបង្ហាញសំខាន់រួមមាន៖

*ទី១៖ របាយការណ៍រីកចម្រើន និងរបាយការណ៍ហិរញ្ញវត្ថុក្រុមកែលម្អជីវ ភាពឆ្នាំ២០២២
*ទី២៖ របាយការណ៍ហិរញ្ញវត្ថុរបស់សមាគមឆ្នាំ២០២២
*ទី៣៖ ពិនិត្យនឹងអនុម័តលើផែនការសកម្ម និងថវិកាប្រចាំឆ្នាំ២០២៣
*ទី៤៖ ផែនការយុទ្ធសាស្ត្រ គោលការណ៍ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងបានពិនិត្យ និងអនុម័តផែនការសកម្មភាព របស់សមាគម ក្នុងឆ្នាំ២០២២ និងលោកទិសដៅអនុវត្ត ឆ្នាំ២០២៣។

ជាចុងក្រោយ លោកបានផ្តាំផ្ញើដល់ លោក លោកស្រី ទីប្រឹក្សាគម្រោង សេវាករ ក្រុមប្រឹក្សាភិបាលសមាគម និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ សង្កាត់ទាំងអស់ បន្តការយកចិត្តទុកដាក់ក្នុងការជួយតម្រង់ទិសដៅសមាគម និងជួយដោះស្រាយបញ្ហានានាដែលកើតមានទ្បើង ក្នុងសមាគម ដើម្បីរក្សានូវនិរន្តរភាព ភាពរីកចម្រើនដល់ក្រុមកែលម្អជីវភាព៕