(សិង្ហបុរី)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលដ៏ធំរបស់សិង្ហបុរី គឺក្រុមហ៊ុន Keppel Energy Pte Ltd (KE) ដើម្បីលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ពីប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋសិង្ហបុរី។

ការចុះហត្ថលេខារវាងក្រុមហ៊ុនធំៗនៃប្រទេសទាំងពីរ ធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក តាន់ ស៊ីឡេង (Tan see leng) រដ្ឋមន្រ្តីទីពីរនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ដោយមានការអញ្ជើញចូលរួមធ្វើជាសាក្សីពីឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមមាន៖លោក Ngaim Shih Chun នាយកប្រតិបត្តិនៃអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី និងថ្នាក់ដឹកនាំក្រុមហ៊ុននៃប្រទេសសិង្ហបុរី, លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី, លោកយឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងថ្នាក់ដឹកនាំនៃក្រុមហ៊ុនក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។

លោក តាន់ ស៊ីឡេង រដ្ឋមន្រ្តីទីពីរក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃប្រទេសទាំងពីរ ទាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា-សិង្ហបុរី, ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផៅវ័រ ខូអិលធីឌី, ក្រុមហ៊ុន Keppel Energy និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត សហការគ្នាយ៉ាងជិតស្និទ្ធរហូតឈានដល់ការចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងមេទិញលក់ថាមពលអគ្គិសនីនាពេលនេះ។

លោកបានបន្តថា «កិច្ចព្រមព្រៀងនេះ ជាជំហានដ៏សំខាន់ក្នុងពន្លឿនការអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ក៏ដូចជាចាប់យកកាលានុវត្តភាព ដែលកើតចេញពីចក្ខុវិស័យខ្សែបណ្តាញបញ្ជូញថាមពលអាស៊ាន នៃពាណិជ្ជកម្មអគ្គិសនីពហុភាគី លើសពីព្រំដែនអន្តរជាតិ ដោយរាប់បញ្ចូលទាំងការនាំចូល ជាសក្តានុពលនូវអគ្គិសនី ដែលមានកាបូនទាបទៅកាន់សិង្ហបុរី»

លោក ស៊ុយ សែម បានថ្លែងចាត់ទុកការចុះកិច្ចព្រមព្រៀងនេះ ជាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ លោកថា កិច្ចសហប្រតិបត្តិការទិញលក់ថាមពល អគ្គិសនីរវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផៅវ័រ ខូអិលធីឌី និងក្រុមហ៊ុន Keppel Energy Pte នេះជាផ្នែកមួយក្រោមក្របខណ្ឌ នៃអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-សិង្ហបុរី ហើយគម្រោងនេះទទួល បានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ ដែលជាគម្រោងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បី គាំទ្រដល់ការធ្វើពាណិជ្ជកម្មថាមពល និងសមាហរណកម្មលើវិស័យថាមពលអគ្គិសនី រវាងរដ្ឋសមាជិកអាស៊ាន រួមមាន កម្ពុជា និងសិង្ហបុរីផងដែរ និងស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ាន២០២៥។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ជាជំហានដំបូងក្រសួងរ៉ែ និងថាមពល បានឯកភាពជាគោលការណ៍ ឱ្យក្រុមហ៊ុនទាំងពីរ ចុះធ្វើការសិក្សាសមិទ្ធិលទ្ធភាពពេញលេញ និងប្រមូលទិន្នន័យដែនសមុទ្រ លើទីតាំងជាក់ស្តែង (Marine Survey) នៅក្នុងភូមិសាស្ត្រដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខកម្ពុជា នៃគម្រោងខ្សែកាបកប់តាមបាតសមុទ្រ ដោយការងារនេះនឹងត្រូវចាប់ផ្តើម ក្នុងអំឡុងខែមីនានេះ រហូតដល់ដំណាច់ឆ្នាំ២០២៣ខាងមុខ។

លោក ស៊ុយ សែម បានបង្ហាញសង្ឃឹមថា ភាគីទាំងពីរនឹងបន្តប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងភាពជាដៃគូ និងបើកលំហរវិនិយោគឱ្យបាន កាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឆ្ពោះទៅរកអព្យាក្រឹត្យកាបូននាពេលអនាគត ទន្ទឹមជាមួយនឹងការពង្រឹងសន្តិសុខថាមពល និងការកាត់បន្ថយកាបូនឱ្យបានដូចគ្នា ក្នុងពេលតែមួយ ក៏ដូចជាសម្រេចឱ្យបាននូវចក្ខុវិស័យនៃការតភា្ជប់បណ្តាញអគ្គិសនីអាស៊ានផងដែរ។

លោករដ្ឋមន្ត្រីថ្លែងទៀតថា «ខ្ញុំទន្ទឹមរង់ចាំនូវលទ្ធផលប្រកបដោយផ្លែផ្លែនៃគម្រោងវិនិយោគ រវាងក្រុមហ៊ុនទាំងពីរ នាពេលឆាប់ៗខាងមុខនេះ»

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ក្រុមហ៊ុន Keppel Energy និងក្រុមហ៊ុន Royal Group បានពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការរួមចំណែក ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ជំរុញកំណើនសេដ្ឋកិច្ច។

អ្នកឧកញ៉ាបន្តថា «ភាពជោគជ័យរបស់យើង នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ក្រុមហ៊ុនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជំរុញការធ្វើសមាហរណកម្ម ក្នុងវិស័យថាមពល នៃសហគមន៍អាស៊ាន ជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ សហគមន៍អាស៊ាន និងសកលលោក។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងធុរកិច្ចរបស់យើង នឹងចូលរួមចំណែកយ៉ាងច្រើន ដល់ការអនុវត្តកាន់តែទូលំទូលាយ នូវខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្ត នូវធាតុផ្សំជាគន្លឹះនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៤០ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២»

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power បន្តថា កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍ និងនាំចេញថាមពលរហូតដល់ ១ ០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋសិង្ហបុរី។

អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី ដែលតែងតែបានលើកទឹកចិត្ត និងជំរុញឲ្យបណ្តាអ្នកវិនិយោគ មានឱកាសក្នុងការចូលរួមជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍ ជាពិសេសសម្រាប់ការគាំទ្រ សម្រាប់គម្រោងការឆ្លងកាត់ព្រំដែននេះ។

លោកស្រី Cindy Lim អគ្គនាយកក្រុមហ៊ុន Keppel Infrastructure បានថ្លែងថា «តាមរយៈកិច្ចព្រមព្រៀងនេះ មិនត្រឹមតែអាស៊ាន អាចឆ្លងឆ្ពោះទៅរកថាមពលចម្រុះបៃតង យ៉ាងលឿនប៉ុណ្ណោះទេ គឺថែមទាំងជួយជំរុញភាពធន់នឹងថាមពល សម្រាប់សិង្ហបុរី និងតំបន់ផងដែរ»

លោកស្រីបន្តថា ក្រុមហ៊ុន Keppel Infrastructure មានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូជាមួយកម្ពុជា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Group Power ដើម្បីផ្តល់ជូននូវដំណោះស្រាយថាមពល រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រកបដោយចីរភាព និងអាចពង្រីកវិសាលភាពបាន ដើម្បីបំពេញតាមកំណើនតម្រូវការក្នុងតំបន់៕