(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានសហការជាមួយ វិទ្យាល័យព្រះយុគន្ធរ រៀបចំវគ្គផ្សព្បផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាព ម្ហូបអាហារ និង បទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងសាលារៀន។

វគ្គផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក ស៉ិន ស៉ីដេត អគ្គនាយករង ក.ប.ប. តំណាង លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ប៉ៃ សៅមុនី នាយករង វិទ្យាល័យព្រះយុគន្ធរ និងតំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញផងដែរ។

ថ្លែងក្នុងមតិស្វាគមន៍ ដល់វគ្គបណ្តុះបណ្តាលនេះ លោក ប៉ៃ សៅមុនី នាយករង វិទ្យាល័យព្រះយុគន្ធរ បានណែនាំឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងសាលរៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់នូវគោលការណ៍សំខាន់នៃច្បាប់ ដែលវាគ្មិនអញ្ជើញ មកពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើបទបង្ហាញនៅពេលនេះ និងសូមផ្តល់នូវមតិយោបល់ ដោយលើកឡើងនូវសំនួរ ដើម្បីឱ្យវាគ្មិន ធ្វើការបកស្រាយ ឱ្យបានច្បាស់លាស់ និងសំណូមពរ មន្ត្រីអធិការកិច្ច របស់អគ្គនាយកដ្ឋាន ក.ប.ប. បង្កើនសកម្មភាពត្រួតពិនិត្យ ផលិតផលទំនិញ ពិសេសម្ហូបអាហារ អនុវត្តវិធានការច្បាប់ ដោយម៉ឺងម៉ាត់ សំដៅទប់ស្កាត់ឱ្យបាននូវការ ធ្វើអាជីវកម្មមិនសុចរិត ក្នុងវិស័យម្ហូបអាហារ។

ក្នុងឱកាសនោះ លោក ស៉ិន ស៉ីដេត បានឱ្យដឹងថា អនុវត្តអនុសាសន៍ណែនាំ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដោយបានទទួលកិច្ចសហការ ពីក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត បានរៀបចំកម្មវិធី ផ្សព្វផ្សាយអំពី ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និង បទប្បញ្ញត្តិពាក់ព័ន្ធនានា ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ ម្ហូបអាហារ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន។

លោកបន្តថា កម្មវិធីផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាស ឱ្យធុរជន ដែលជាអាជីវករ ប្រកបអាជីវកម្ម ក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិ ដែលត្រូវទទួលបាន របស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ លើកកំពស់ ការប្រកួតប្រជែង ប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិ ឱ្យរីកចំរើនទៅមុខ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ បានឱ្យដឹងថា វគ្គផ្សព្វផ្សាយនេះ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុបប្រមាណ១៨២នាក់ ដែលជាការផ្តល់ចំណេះដឹង ជាមូលដ្ឋាន សម្រាប់អ្នកប្រើប្រាស់ បានស្វែងយល់អំពី ការជ្រើសរើសម្ហូបអាហារមានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវ ជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផលម្ហូបអាហារ វេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋាន ដល់តុអាហារ។

នៅចុងបញ្ចប លោក ស៉ិន ស៉ីដេត បានសំណូមពរ ឱ្យវគ្គផ្សព្វផ្សាយយកវេទិកានេះ ជាវេទិកាពិភាក្សា បញ្ចេញមតិ ដោយលើកឡើងនូវសំណូមពរ ឬសំនួរនានាពាក់ព័ន្ធនឹងម្ហូបអាហារ ដើម្បីឱ្យយល់កាន់តែច្បាស់ថែមទៀត អំពីរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារដែលមានសុវត្ថិភាព ផលប៉ះពាល់ពីការ ប្រើប្រាស់ សារធាតុគីមីហាមឃាត់ ក្នុងម្ហូបអាហារ ការផលិត ដាក់លក់ ឬបរិភោគអាហារខ្វះអនាម័យ ដែលនាំដែលជា កត្តាបង្កគ្រោះដល់សុខភាព របស់យើងទាំងអស់គ្នា។ ដើម្បីសង្គមយើង គ្រួសារយើង ពិសេសដើម្បីខ្លួនយើង សូមប្អូនៗដែលជាសិស្សានុសិស្ស ជៀសឱ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕