(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក៏ដូចជាចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ផងដែរ។

ប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដែលបច្ចុប្បន្ននេះកំពុងចូលរួមវិភាគទានតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ ក្រៅពីការងារបោសសម្អាតមីន ប្រទេសអូស្រ្តាលី ក៏បានចូលរួមដល់កសាងសមត្ថភាព និងការគាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការងារបោសសម្អាតមីន និងការរៀបចំផែនការបន្តឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ចាប់ពីឆ្នាំ២០២៣ ស្របតាមទស្សនវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ក្នុងនាមរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ទោះបីសកម្មភាពមីនកម្ពុជាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ កម្ពុជា នៅតែបន្តត្រូវការការចូលរួមពីប្រទេសអូស្រ្តាលី និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន។

លោក Justin Kevin Whyatt បានលើកឡើងអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអូស្រ្តាលី លើគ្រប់វិស័យនៅកម្ពុជា ក្នុងនោះរាប់បញ្ចូលទាំងការចូលរួមការងារបោសសម្អាតមនុស្សធម៌ អស់រយៈពេល ៣០ឆ្នាំ។

ឯកអគ្គរដ្ឋទូតអូស្រា្តលី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃសកម្មភាពមីននៅកម្ពុជា ដោយឃើញពីយកចិត្តទុកដាក់ និងការតាំងចិត្តខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ក៏ដូចជាការចូលរួមយ៉ាងផុសផុលពីវិស័យឯកជន និងសប្បុរសជននានា។ ប្រទេសអូស្រ្តាលី នឹងបន្តឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌រហូតដល់ឆ្នាំ២០២៥ និងរីករាយក្នុងភាពជាដៃគូ និងកិច្ចប្រតិបត្តិសហការជាមួយអាជ្ញាធរមីន៕