(រតនគិរី)៖ បន្ទាប់ពីបានដំណើរការទៅ រយៈពេល១ថ្ងៃកន្លះ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តរតនគិរី ត្រូវបានប្រារព្ធបិទ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី។

ពិធីនេះ មានការចូលរួមពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍ឃុំ សង្កាត់ជាច្រើនរូបទៀត។

លោក ញ៉ែម សំអឿន បានរាយការណ៍អំពីផែនការសកម្មភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្ត សម្រាប់អនុវត្ត ឆ្នាំ២០២៣ និងអំពីសមិទ្ធផល ដែលសម្រេចបានអស់រយៈពេលមួយឆ្នាំ របស់រដ្ឋបាលខេត្តរតនគិរី ដែលបានលើកឡើង ក្នុងអង្គសន្និបាត ដែលបានប្រារព្ធរយៈពេលពេញ១ថ្ងៃកន្លះនេះ។

លោកបានបន្តថា ផ្អែកទៅតាមលទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងបណ្ដាបញ្ហាប្រឈមលើវិស័យនានា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ជារួមអង្គសន្និបាត បានវាយតម្លៃខ្ពស់ អំពីវឌ្ឍនភាពរបស់ខេត្ត និងទទួលស្គាល់បញ្ហាប្រឈមនានា ដែលកើតមានឡើង។

អង្គសន្និបាត បានប្ដេជ្ញាចិត្តរួមគ្នា ដាក់ចេញទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៣នេះ ឲ្យបានសកម្មខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបគោលនយោបាយ របស់រាជរដ្ឋាភិបាល និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានា របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ។

នាយឧត្តមសេនីយ៍ ជៀង អំ បានសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច នានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា យ៉ាងសកម្មក្នុងការបំពេញតួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើក កម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ក្នុងនោះ បានខិតខំចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ពីវិបត្តិ នៃជំងឺកូវីដ-១៩ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋាន បានជាបន្តបន្ទាប់ ជាពិសេសការចូលរួម ទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការ ចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត។

នាយឧត្តមសេនីយ៍ជៀង អំ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមត្ថកិច្ច ត្រូវបង្កើនការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរ គ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការ ក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបសកម្មភាពលួច ឆក់ ប្លន់ ល្បែងស៊ីសង ខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្តរតនគិរី។

ជាពិសេស ថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃរដ្ឋបាលខេត្ត ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងនោះ ប្រធានក្រុមប្រឹក្សា និងអភិបាល ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងរដ្ឋបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តរតនគិរីត្រូវបង្កើនការពង្រឹងនិងការគ្រប់គ្រង វត្តមានក្នុងការបំពេញការងាររបស់មន្ត្រីរាជការ បុគ្គលិក និងត្រូវពង្រឹងការងារតែងតាំង ការដំឡើងឋានន្តរសិក្ត័ស្របតាមច្បាប់ គោលការណ៍ ណែនាំបែបបទនិងនីតិវិធីដែល បានកំណត់ ព្រមទាំងធ្វើការ វិភាគមុខងារដើម្បីកំណត់ចំនួនក្របខណ្ឌបុគ្គលិកនៅតាម អង្គភាពនីមួយៗចំណុះរដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីធ្វើផែនការអំពីតម្រូវការបុគ្គលិកក្នុង រយៈពេលចំពោះមុខ និងរយៈពេលមធ្យមខាងមុខ។ ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់នៃខេត្តរតនគិរី និងជំរុញលើកទឹកចិត្តមន្ត្រីឲ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ពិសេសសមត្ថភាពជំនាញព័ត៌មានវិទ្យា និងឌីជីថលដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗក្នុងការ អនុវត្តការងារឲ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕