(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានណែនាំឱ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន នាំសិស្សលេងល្បែងកម្សាន្ត និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ការប្រកាសគាំទ្របែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើយ៉ាងដូច្នេះថា៖ «ម្សិលមិញក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញនូវការណែនាំទាក់ទងនឹងបញ្ហាជិតចូលឆ្នាំនេះ សូមឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សធ្វើម៉េចផ្ចិតផ្ចង់លើបញ្ហារបាំ និងល្បែងប្រជាប្រិយមួយចំនួន...! អ៊ឹចឹងទេ ចំណុចនេះជាចំណុច ដ៏ល្អដែលយើងត្រូវតែពង្រឹង​នូវវប្បធម៌ ប្រពៃណីរបស់ខ្លួនឡើង»

ត្រង់ចំណុចនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម័យសកលភាវូបនីយកម្មប្រពៃណីទំនៀមទម្លាប់ងាយនឹងបាត់បង់ណាស់ ប្រសិនបើយើងខ្ជីខ្ជា មិនមែនជាបញ្ហាលេងសើចនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា កាលជំនាន់សម្តេចរៀនពីក្មេង គឺលោកគ្រូ អ្នកគ្រូ បានបង្រៀនឱ្យកូនសិស្សលេងល្បែងកម្សាន្ត ព្រមទាំងល្បែងប្រជាប្រិយនានា ប៉ុន្តែសម័យនេះ គឺជាសម័យឌីស្កូ ធ្វើឱ្យយុវ័យចូលចិត្តតែឌីស្កូ ដូច្នេះយើងគួរតែជំរុញឱ្យមានការរៀបចំលេងល្បែងកម្សាន្ត និងរបាំប្រជាប្រិយខ្មែរ ហើយនៅតាមសាលារៀននានា គួរតែបង្ហាត់បង្ហាញនូវក្បួនខ្នាតលេងល្បែង និងរបាំប្រជាប្រិយដល់សិស្សានុសិស្សឱ្យបានជ្រួតជ្រាបផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលមានពិធីបុណ្យទានផ្សេងៗ គឺតែងតែមានប្រជាពលរដ្ឋខ្មែរ អញ្ជើញទៅលេងកម្សាន្តនៅតាមទីវត្តអារាមនានា ដូច្នេះគួរគម្បីឱ្យ​មានការតម្រង់ទិសលើក្បួនខ្នាតរបាំ និងល្បែងប្រជាប្រិយព្រមទាំងការលេងរាំងវង់ រាំក្បាច់ សារ៉ាវ៉ាន់ជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា នៅតាមបណ្តាស្ថានីយទូរទស្សន៍ វិទ្យុ ក៏អាចជាចំណែកមួយជួយផ្សព្វផ្សាយ ដើម្បីបង្ហាញឈុតឆាកលេងបោះឈូង បោះអង្គុញ ចោលឈូង ព្រមទាំងរបាំប្រជាប្រិយខ្មែរផ្សេងៗទៀតផងដែរ។

«អ៊ឹចឹងបញ្ហាក្បួនខ្នាតរបស់យើងក៏ត្រូវបានពង្រឹងដែរ ទីប្រឹក្សារបស់ខ្ញុំដែលជាសាស្ត្រចារ្យនៅសាកលវិទ្យាល័យ បានឱ្យយោបល់ហើយឱ្យធ្វើការភ្លាមជាមួយក្រសួងអប់រំ ហើយក្រសួងអប់រំ ក៏ចេញសេចក្តីណែនាំនេះ»។ នេះជាការឱ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំដល់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន នាំសិស្សលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ទន្ទឹមនេះក្រសួងហាមលេងបាញ់ទឹក ជះទឹក និងលាបម្សៅ។

ក្រសួងបានគូសបញ្ជាក់ថា ការនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយនេះ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើនព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ទន្ទឹមនេះ ក្រសួងបានណែនាំដល់គ្រឹះស្ថានអប់រំ ឱ្យហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជា៖ ដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ។ល៕