(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន លើកកម្ពស់ការសិក្សាវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីបណ្តុះ និងពង្រឹងស្មារតីស្នេហាជាតិ ឱ្យកាន់តែខ្លាំងក្លា ព្រមទាំងចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀត។

សេចក្តីណែនាំរបស់ក្រសួងអប់រំ ធ្វើឡើងបន្ទាប់ពីគេមើលឃើញពីឱនភាព​នៃការយល់ដឹង​របស់​កូនខ្មែរពីវប្បធម៌ និងអរិយធម៌ជាតិសាសន៍របស់ខ្លួន។ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងទៅ ក៏ធ្លាប់បានបង្ហាញការបារម្ភចំពោះឱនភាពនេះផងដែរ។ លោក បានស្នើឱ្យពង្រឹងការអប់រំផ្នែកវប្បធម៌ អរិយធម៌ និងសីលធម៌របស់ខ្មែរនៅតាមគ្រឹះស្ថានអប់រំ ជាពិសេសកម្រិតចំណេះដឹងទូទៅ។

ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកវប្បធម៌ និងអរិយធម៌របស់ខ្មែរនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវអនុវត្តន៍នូវ​សេចក្តី​ណែនាំមួយចំនួនដូចខាងក្រោម៖

១៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវចាត់ចែងរៀបចំ និងរកឯកសារ​ពាក់​ព័ន្ធនឹងការពង្រីកចំណេះលើផ្នែកវប្បធម៌-អរិយធម៌ ដូចមានរាយចំណងជើងក្នុង​ឧបសម្ព័ន្ធ​ខាង​ក្រោមដាក់នៅក្នុងបណ្ណាល័យសាលា ដើម្បីឆ្លើយតបនឹងការសិក្សារបស់សិស្ស។

២៖ រៀបចំយន្តការចូលអាន និងសិក្សាក្នុងបណ្ណាល័យ ដោយចែកវេន ឬរៀបកាលវិភាគឱ្យ​បាន​ច្បាស់លាស់និងបង្កលក្ខណៈងាយស្រួលក្នុងការអាន សិក្សា និងស្រាវជ្រាវ។

៣៖ ជំរុញសិស្សឱ្យចូលអាន សិក្សា និងស្រាវជ្រាវលើឯកសារទាំងនេះ ដោយមានការដឹកនាំ និងសម្របសម្រួលសិក្សា ដោយគ្រូឈរថ្នាក់ ឬគ្រូឯកទេសភាសាខ្មែរ អក្សរសាស្ត្រខ្មែរ និង​សិក្សាសង្គម ព្រមទាំងមានការផ្ដល់សេវាយ៉ាងល្អ និងត្រឹមត្រូវពីបណ្ណារក្ស។

៤៖ ជំរុញសិស្សឱ្យចូលខ្ចី និងបំផុសឱ្យសិស្សរកជាវសៀវភៅទាំងនេះយកទៅអាននៅផ្ទះ ដោយគ្រូដាក់បញ្ហា ដូចជាសំណួរ ឬលំហាត់ និងធ្វើការត្រួតពិនិត្យ កែលម្អនាពេលបន្ទាប់។

៥៖ អង្គភាពពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា និងអ្នកទទួលបន្ទុកបច្ចេកទេស ត្រូវជំរុញតាម​ដាន និងវាយតម្លការអនុវត្តការសិក្សាខ្លឹមសារវប្បធម៌-អរិយធម៌ខ្មែរ ឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព។

៦៖ រៀបចំចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រឡងឆមាស និងប្រឡងថ្នាក់ជាតិ ក្នុងមុខវិជ្ជា​ភា​សា​ខ្មែរ និងអក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម។

៧៖ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាត្រូវរៀបចំគម្រោងថវិកាសម្រាប់ជា ឬថតចម្លង សម្រាប់​ដាក់​ក្នុងបណ្ណាល័យ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថាន​សិក្សាសាធារណៈ​មួយចំនួន ដែលគ្មានលទ្ធភាពដើម្បីបម្រើឱ្យការសិក្សាទាន់ពេលវេលា និងមានប្រសិទ្ធភាព។

៨៖ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាត្រូវសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដៃគូ​អភិ​វឌ្ឍនានាដោយកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់ និងបម្រើឱ្យការសិក្សា​វប្បធម៌​-អរិយ​ធម៌​ខ្មែរឱ្យមានគុណភាព និងនិរន្តរភាព៕