(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចនៃមូលដ្ឋានខណ្ឌទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចរការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខនេះ ដោយប្រកួតកីឡាស៊ីហ្គេមនេះ នៅសល់តែ ៥១ថ្ងៃទៀត ប៉ុណ្នោះ។

ការជំរុញបែបនេះ បានធ្វើឡើងខណៈលោក ធឹម សំអាន ដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ។

លោក ធឹម សំអាន បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងមួយផ្នែក ដើម្បីពិនិត្យពីការងារត្រៀមរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការពង្រឹងកិច្ចការរងារ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងការប្រកួតកីឡានេះ។

លោកអភិបាលខណ្ឌ បានបន្តទៀតថា ការងារធំរបស់យើង គឺកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ដូច្នេះទេ កម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ ឲ្យបានខ្ពស់បំផុត កុំអោយមានបទល្មើសកើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសថែមទៀតនោះ គឺកិច្ចការពារ សន្តិសុខ ជូនប្រតិភូ កីឡាករ ភ្ញៀវជាតិ អន្តរជាតិ ដែលមកចូលរួមក្នុងពិធីដ៏ធំនេះ៕