(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបើកសន្និសីទជនមាន ពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ​បានអំពាវនាវដល់សហគមន៍ជាតិ និងអន្ដរជាតិ បន្ដរួមគ្នាអនុវត្តនូវគោលនយោបាយនានា ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព។

គោលនយោបាយនានា ដែលពាក់ព័ន្ធជនមានពិការភាព ដែលសម្ដេចតេជោ ​ហ៊ុន សែន នោះរួមមាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមាន-ពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុង អ៊ីនឈុន ជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមាន-ពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុង អ៊ីនឈុន ដើម្បីផ្តល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, បច្ចុប្បន្នបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយបាន និងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសជនមាន-ពិការភាព និងជនងាយរងគ្រោះដទៃទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា វិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុងមានការលេចចេញនូវការ ប្រណាំងប្រជែងរបស់មហាអំណាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក ដោយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវធម្មាធិបតេយ្យនិយមរបស់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។

ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពធម្មនុញ្ញ និងគោលការណ៍អង្គការសហប្រជាជាតិ ព្រមទាំងការលើកកម្ពស់ការអនុវត្តយន្តការអន្តរជាតិ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព៕