(ភ្នំពេញ)៖ ដើម្បីបំពេញសេចក្តីត្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ វិស័យ​ឧស្សា​ហ​កម្ម និងទេសចរណ៍នោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យ​ក្រុម​ហ៊ុន​របស់កូរ៉េខាងត្បូង សាងសង់វារីអគ្គិសនីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍ សាត់ ដែលអាចផលិតថាមពលបានប្រមាណ ៨០មេហ្គាវ៉ាត់ ជាមួយទុន​វិនិ​យោគជាង ២០០លានដុល្លារអាមេរិក។

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍ សាត់។ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ សាងសង់ដោយក្រុមហ៊ុន SPHP (Cam​bodia) Co., Ltd. ដែលមានលោក គីម យុង អ៉ីល (KIM MYUNG IL) ជាអគ្គ​នាយក។

បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគកាលពីឆ្នាំ២០១៩​ហើយ​នោះ ក្រុមហ៊ុនបានខិតខំ​ស្វែង​រក​ប្រភពទុនវិនិយោគ និងក្រុមហ៊ុនដៃគូសាង​សង់​ដែលមានបទពិសោធន៍​ខ្ពស់ ដោយបានជ្រើសយកក្រុមហ៊ុន Power China មក​ពី​ប្រទេសចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់គម្រោង​វារីអគ្គិសនី​នៅ​កម្ពុជានាពេលកន្លងមក។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានចាប់ផ្តើមដំណើរការសាងសង់​នៅខែ​កុម្ភៈ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន បានយកចិត្តទុកដាក់សាងសង់ និងសម្រេចបានលទ្ធផលមួយចំនួនរួមមាន បោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់​ផ្ទុះលើផ្ទៃដី ៥៦៦ហិកតា, កាប់ឆ្ការព្រៃនៅទីតាំងសំខាន់ៗរបស់គម្រោង​លើផ្ទៃដី​ទំហំ ៥៦៦ហិកតា ព្រមទាំងបានសាងសង់ផ្លូវចូលទៅកាន់ទំនប់ និងទីតាំង​សំខាន់ៗរបស់គម្រោងសរុបជិត ៣៦គីឡូម៉ែត្រ។

គម្រោងកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត រួមទាំងការសាងសង់ទំនប់ទឹកផងដែរ។ គម្រោងនេះគ្រោងនឹងបញ្ចប់ការ​សាង​សង់ ព្រមទាំងដាក់ឱ្យដំណើរការ​នៅឆ្នាំ២០២៦។

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​ទៅ​ពិនិត្យដំណើរការសាងសង់វារីអគ្គិសនីនេះដោយផ្ទាល់។ សម្តេចតេជោនាយក​រដ្ឋ​មន្ត្រី បានស្វាគមន៍ចំពោះការវិនិយោគ និងសាងសង់វារីអគ្គិសនេះ។

បើតាមលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជ​រដ្ឋាភិ​បាល ទទួលបន្ទុកជាប្រធានអគ្គិសនីកម្ពុជា បានឱ្យដឹងថា វារីអគ្គិសនីត្រូវបាន​សាង​សង់​ក្រោមទម្រង់ BOT (សាងសង់ ប្រតិបត្តិការ និងផ្ទេរជូនរាជរដ្ឋាភិបាល)។ លោក កែវ រតនៈ បានគូសបញ្ជាក់ថា បន្ទាប់ពីសាងសង់រួចរាល់ ក្រុមហ៊ុននឹង​ធ្វើ​អាជីវកម្មជាមួយវារីអគ្គិសនីនេះ រយៈពេល ៣៧ឆ្នាំ ហើយនឹងប្រគល់ជូនដល់​រាជរដ្ឋាភិ​បាលកម្ពុជា។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក កែវ រតនៈ បានស្វាគមន៍ជាមួ​យ​ក្តី​រីក​រាយបំផុត​ចំពោះសាងសង់វារីអគ្គីសនីនេះ។ លោក កែវ រតនៈ បានគូសបញ្ជាក់ថា វារីអគ្គិសនីនេះមានគុណតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចជាតិ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

លោក កែវ រតនៈ បានអះអាងថា គម្រោងវារីអគ្គិសនីនេះ ក្រៅពីផ្តល់ការងាររាប់រយកន្លែងជូនដល់ប្រជាពលរដ្ឋហើយនោះ គម្រោងនេះ ក៏ជួយផ្តល់បន្ថែមនូវថាមពលអគ្គិសនីសម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាក្របខណ្ឌទូទាំងប្រទេស។ បន្ថែមពីលើនេះគម្រោងនេះ ក៏ជួយទប់ទឹកជំនន់ក្នុងខែវស្សា មិនឱ្យជន់លិចភូមិសាស្ត្រមួយចំនួន​ដូចជាក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងបាកានជាដើម។

លើសពីនេះទៀត គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ក៏ជួយផ្តត់ផ្គង់ទឹកសម្រាប់​ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពនៅក្នុងរដូវប្រាំងផងដែរ។

បើតាមលោក កែវ រតនៈ ក្រៅតែពីប្រយោជន៍រៀបរាប់ខាងលើហើយនោះ គម្រោង​វារី​អគ្គិស​នី​ស្ទឹងពោធិ៍សាត់១ ក៏ផ្តល់ជាប្រយោជន៍សម្រាប់វិស័យទេសចរណ៍​ផងដែរ។

បើតាមលោក កែវ រតនៈ មកដល់បច្ចុប្បន្នកម្ពុជា​មានវារីអគ្គិសនីដែលជាប្រភព ថាមពលអគ្គិសនីស្អាតសរុបប្រមាណ៩ហើយ។ ជាមួយគ្នានេះ កម្ពុជាមានសមត្ថភាពផលិតថាមពលសរុបប្រមាណ ៤ពាន់មេហ្គាវ៉ាត់ ដែលធ្វើឱ្យកម្ពុជាមានប្រភពថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបម្រើដល់វិស័យឧស្សាហកម្ម៕