(រតនគិរី)៖ ក្រោយបើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តរតនគរី នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន «ថាកូអាហ្គ្រី» (THACO AGRI) អតីតក្រុមហ៊ុន ហ័ងអាញ់អណ្តូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង បានបើកផ្លូវិញហើយ។

ដោយទទួលបទបញ្ជាពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, លោក ងិន ណែល, លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត សហការជាមួយមន្ត្រីជំនាញ, អាជ្ញាធរស្រុកកូនមុំ, កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរឃុំស្រែអង្ក្រង នៅព្រឹកនេះបានចុះពិនិត្យមើលជាក់ស្តែង ករណីក្រុមហ៊ុន «ថាកូអាហ្គ្រី» កាយផ្តាច់ផ្លូវប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារ មិនឲ្យឆ្លងកាត់ ដឹកកសិផល និងកូនសិស្សមិនអាចទៅរៀនបាន, ខណៈកន្លងទៅថ្មីៗនេះ មានកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុនរួចមកហើយ។

ក្រោយពីក្រុមការងារចុះត្រួតពិនិត្យស្ថានភាពកាយផ្តាច់ផ្លូវរួចមក នៅរសៀលថ្ងៃដដែល កិច្ចប្រជុំមួយនៅទីតាំងក្រុមហ៊ុន «ថាកូអាហ្គ្រី» ត្រូវបានធ្វើឡើង និងបានឯកភាពគ្នាចំនួន ៦ចំណុច រួមមាន៖ ក្រុមហ៊ុនឯកភាពបើកផ្លូវធំធ្វើដំណើរដោយសេរី, ឯកភាពបើកផ្លូវឲ្យធ្វើដំណើរជាបណ្តោះអាសន្នតាមទំនប់ រហូតដល់សាងសង់ផ្លូវរួច, ស្នើសុំក្រុមហ៊ុនសហការជាមួយក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្តមុននឹងសម្រេចអ្វីមួយជាមួយនិងប្រជាជន, ស្នើសុំផែនការវិនិយោគរបស់ក្រុមហ៊ុនជាSoft Copy, ស្នើសុំផែនទីវិនិយោគរបស់ក្រុមហ៊ុនជាSoft Copy និង ក្រុមការងារចុះមកធ្វើការងារជាមួយក្រុមហ៊ុនតាមសេចក្តីសម្រេច។

សូមជម្រាបថា ក្រុមការងារដែលចុះត្រួតពិនិត្យផ្ទាល់ ការកាយដីផ្តាច់ផ្លូវមិនឲ្យធ្វើដំណើរជាច្រើនកន្លែង បានប្រាប់ភ្នាក់ងារ Fresh News ថា កន្លងទៅថ្មីៗនេះ មានកិច្ចប្រជុំនៅសាលាខេត្តរតនគិរី មានការអញ្ជើញចូលរួមពីលោក ញ៉ែម សំអឿន ប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី ជាមួយក្រុមហ៊ុនត្រូវលុបផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរ, ដឹកកសិផល, រថយន្តចូលដឹកសិស្ស, អ្នកលក់បន្លែ ត្រីសាច់ ផ្លែឈើ នំចំណីចេញ-ចូលធម្មតាឡើងវិញ ប៉ុន្តែខាងក្រុមហ៊ុនផ្គើនកាយផ្តាច់ផ្លូវជាច្រើនកន្លែងនៅថ្ងៃនេះតែម្តង។

ទោះបីបែបនេះ ក្តីក្រុមការងារនៅបន្តជួបពិភាក្សាជាមួយភាគីក្រុមហ៊ុនខាងលើម្តងទៀត ចំណែកឯលទ្ធផលទទួលបាននៅពេលក្រោយ។ ជាងនេះទៀត បើតាមកម្មករមួយចំនួន ធ្វើការក្នុងក្រុមហ៊ុនខាងលើនេះ បានខ្សឹបប្រាប់ថា ពួកគេខ្លះធ្វើការជាច្រើនខែមកហើយ មិនទាន់ទទួលបានប្រាក់ខែនៅឡើយទេ ដោយក្រុមហ៊ុនអះអាងថា ឲ្យទៅបើកប្រាក់ខែពីមេការទៅ, បើចង់បានប្រាក់ខែ ប្តឹងទៅប៉ុស្តិ៍ប៉ូលីសទៅ ដូច្នេះសូមឲ្យខាងមន្ទីរការងារខេត្តរតនគិរី ចុះជួយដោះស្រាយផង ព្រោះពួកគាត់ខ្វះខាតបញ្ហាជីវភាពប្រចាំថ្ងៃខ្លាំងណាស់។

ចំណែកឯលោក អូន រដ្ឋា តំណាងប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ ដែលអាស្រ័យផ្លូវនេះ សំណូមពរដល់សមត្ថកិច្ចថ្នាក់លើ មេត្តាជួយអន្តរាគមន៍ឲ្យពួកគាត់ធ្វើដំណើរចេញ-ចូល, ដឹកកសិផល, រថយន្តចូលដឹកសិស្សជាធម្មតាឡើងវិញ និងសុំឲ្យខាងក្រុមហ៊ុន «ថាកូអាហ្គ្រី» គោរពតាមការសន្យាផង៕