(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន សូមបង្កើនការចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន មកទទួលការបណ្តុះបណ្តាលពីអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពដល់ភ្នាក់ងារសន្តិសុខឯកជន ក្នុងការការពារគោលដៅ និងចូលរួមបង្ការ ទប់ស្កាត់ បទល្មើសនានា។

ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៤៧ ដោយយោងតាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ អំពីគុណសម្បត្តិនៃការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជនជាមួយកងកម្លាំងសមត្ថកិច្ច។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី លើកទឹកចិត្តដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនទាំងអស់ គួរផ្តល់អាទិភាពដល់នគរបាល ឬកងរាជអាវុធហត្ថ ដែលចូលនិវត្តន៍ ដើម្បីចូលធ្វើជា ភ្នាក់ងារសន្តិសុខឯកជន ព្រោះថាពួកគាត់មានសមត្ថភាពពេញលេញ ក្នុងការការពារគោលដៅរបស់ខ្លួនឈរជើង ដោយគួបផ្សំជាមួយអតីតភាពការងារកងកម្លាំងសមត្ថកិច្ច ក្នុងរយៈពេលកន្លងមក។

លោកប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានថ្លែងយ៉ាងដូច្នេះថា «សូមក្រុមហ៊ុនបង្កើនការចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន មកទទួលការបណ្តុះបណ្តាលឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពដល់ភ្នាក់ងារសន្តិសុខឯកជន ក្នុងការការពារគោលដៅ និងចូលរួមបង្ការ ទប់ស្កាត់ បទល្មើសនានា និងសូមក្រុមហ៊ុនផ្តល់អាទិភាពដល់នគរបាល ឬកងរាជអាវុធហត្ថ ដែលចូលនិវត្តន៍ ដើម្បីចូលធ្វើជាភ្នាក់ងារសន្តិសុខឯកជន ព្រោះថាពួកគាត់មានសមត្ថភាពពេញលេញ ក្នុងការការពារគោលដៅរបស់ខ្លួនឈរជើង»

លោកបានគូសបញ្ជាក់ថា កិច្ចការពារសុខសន្តិភាព និងសន្តិសុខសុវត្ថភាពសង្គម គឺជាការតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានា តាមគ្រប់គ្រប់រូបភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងស្ថិតនៅប្រទេសយើងផងដែរ។ ជាពិសេសយើងរួមគ្នា អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញនូវ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ផ្តោតសំខាន់ទៅលើកិច្ចការពារ សន្តិសុខ សុវត្ថិភាព នៅតាមបណ្តាភូមិ-ឃុំ-សង្កាត់ មិនឲ្យមានបទល្មើសកើតឡើង។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏សូមកោតសរសើរចំពោះភ្នាក់ងារសន្តិសុខជន ក្នុងការចូលរួមបង្ការទប់ស្កាត់នូវបទល្មើសនានា ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ ហើយសូមលើកទឹកចិត្ត និងគាំទ្រ ដល់ភ្នាក់ងារសន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា បទល្មើសគ្រឿងញៀន បង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរពលកម្ម ការប្រើប្រាស់អំពីហឹង្សា និងការរំលោភបំពានលើកុមារ និងស្ត្រី។ល។ ពិសេសនៅតាមបណ្តាគោលដៅ បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងគោលដៅងាយរងគ្រោះសំខាន់ៗ។

លោកបន្ថែមទៀតថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោពេញទៅដោយការអភិវឌ្ឍ និងការរីកចម្រើន ជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។

ឆ្លងកាត់ការបណ្ដុះបណ្ដាលបំប៉នជំនាញនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួនបម្រើផលប្រយោជន៍សង្គមជាតិ ក្នុងផ្លូវវិជ្ជមាន អោយបានសមស្របតាមក្រមសិលធម៌ វិជ្ជាជីវៈរបស់សន្តិសុខឯកជន និងអនុលោមទៅតាមច្បាប់។ លោកលើកទឹកចិត្តឲ្យយកចំណេះដឹងដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់សហសេវិក ឬប្រជាពលរដ្ឋដ៏ទៃទៀតឲ្យបានយល់អំពីបន្ថែមសារៈសំខាន់ នៃការថែរក្សាសន្តិសុខ សុវត្ថិភាព អាយុជីវតប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕