(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចែកវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៧៤២ក្បាលដី ស្មើរ៥៦,៦៨ភាគរយ ជូនប្រជាពលរដ្ឋនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នាវេលាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រោយពីការចុះបញ្ជីជាលក្ខណៈប្រព័ន្ធរួចរាល់ ដើម្បីឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ស្របច្បាប់ និងតម្រូវការ។

ពិធីនោះប្រព្រឹត្តទៅក្រោមវត្តមានលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ប៊ិន សុឈី អនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ ភូមិបាល និងសុរិយោដី រាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញ ចូលរួមពីលោក ប្លង់ សីហៈ ប្រធានការិយាល័យដែនដីនគរូបនីយកម្ម សំណង់ ភូមិបាល និងសុរិយោដីខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីការិយ័យជំវិញខណ្ឌ ព្រមទាំងប្រជាពលរដ្ឋភូមិខាងលើផងដែរ។

លោក ប៊ិន សុឈី បានឲ្យដឹងថា នៅទូទាំងរាជធានីភ្នំពេញ យើងបានចែកវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានជាងជិត៨០ភាគរយហើយ ដោយឡែកថ្ងៃនេះចែកជូនប្រជាពលរដ្ឋនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចំនួន៧៤២ក្បាលដី។

លោកបញ្ជាក់ថា ការចែកជូននេះមានរយៈពេល ៥ថ្ងៃប៉ុណ្ណោះ លើសពីនេះបើបងប្អូនប្រជាពលរដ្ឋណាខកខាន និងត្រូវទៅបើកនៅមន្ទីរដែនដីនគរូបនីយកម្ម សំណង់ ភូមិបាល និងសុរិយោដីរាជធានីភ្នំពេញ។

លោក ប៊ិន សុឈី បានបន្តទៀតថា វិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ត្រូវបានការពារដោយច្បាប់ គ្មានបុគ្គលណាមកហ៊ានដកហូតយកដីយើងបានទេ។ ទាល់តែមានសំណងសមរម្យ និងយុត្តិធម៌ ទើបអាចយកបាន មិនតែប៉ុណ្ណោះបងប្អូនប្រជាពលរដ្ឋអាចយកទៅដាក់លក់ បញ្ចាំ ឬអំណោយឲ្យកូនបាន។ ប៉ុន្តែទោះជាយ៉ាងណា លោកមិនលើកទឹកចិត្តឲ្យដាក់បញ្ចាំនោះទេ ហើយបើធ្វើអំណោយឲ្យកូនសូមកុំភ្លេចទុកសម្រាប់ខ្លួនឯងខ្លះផង ដើម្បីខ្លួនចាស់ក្រែងកូនខ្លះចិត្តមិនបាន។

លោក ប៊ិន សុឈី បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋថា ចំពោះអ្នកខកខានមិនបានចូលរួមចុះបញ្ជី ត្រូវរួសរាន់ដាក់ពាក្យតាមច្រកចេញចូលតែមួយសាលារាជធានីភ្នំពេញ គេនិងទម្លាក់ចុះមកតាមបណ្ដាលខណ្ឌវិញ ដើម្បីធ្វើការជូនបងប្អូន។ រីឯការយកប័ណ្ណភ្ជាប់មកជាមួយបង្កាន់ដៃ អត្តសញ្ញាណប័ណ្ណ លិខិតផ្ទេរសិទ្ធិ ឬប័ណ្ណស្លាបមាន់ជាដើម ហើយត្រូវទៅយកទាំង២នាក់ប្ដីប្រពន្ធកុំទៅយកម្នាក់ឯង។

លោក សក់ ច័ន្ទកញ្ញារិទ្ធ បានបន្តទៀតថា «ដើម្បីឆ្លើយតបទៅនិងតម្រូវការ និងដោះស្រាយនូវបញ្ហប្រឈមនានាដែលកើតចេញពីវិវាទដីធ្លី និងមើលឃើញពីគុណប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ក្នុងការទទួលបានប័ណ្ណ កម្មសិទ្ធិក្នុងការទទួលបានភាពកក់ក្ដៅក្នុងចិត្តសុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដែលអាចយកទៅប្រើប្រាស់ជាផលប្រយោជន៍ស្របច្បាប់។ ទើបរដ្ឋាភិបាលជំរុញការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ក៏ដូចជាលក្ខណៈដាច់ដោយដុំដើម្បី កាត់បន្ថយវិវាទ ការចុះបញ្ជីផ្ដល់អាទិភាពដ៏ធំធេងសម្រាប់ការរៀបចំដីធ្លីឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ផែនការធ្វើការប្រើប្រាស់ដីធ្លី»

លោក សក់ ច័ន្ទកញ្ញារិទ្ធ បានប្រាប់ថា ម្យ៉ាងទៀតការគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋាន នៃការប្រមូលថវិកាជាតិ និងផ្ដល់លក្ខណៈងាយស្រួលជំរុញការវិនិយោគ និងលើកស្ទួយសេដ្ឋកិច្ចឲ្យឲ្យសម្បូរសប្បាយជូនជាតិ និងប្រជាពលរដ្ឋ។ នេះជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្ដីពីការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ជាតិ ប្រកបដោយចិរភាព៕