(ភ្នំពេញ)៖ មានរយៈពេល១ឆ្នាំគត់បន្ទាប់ពីធនាគារ វីង បានដាក់ឲ្យដំណើរការអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ហើយថ្ងៃទៅ១៤ ខែមីនា ឆ្នាំ២០២៣នេះ ធនាគារ វីង ក៏បានបើកសម្ពោធសាខាថ្មីបន្ថែមទៀត នៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ២០០៤។

កម្មវិធីសម្ពោធនេះ ធ្វើឡើងក្រោមវត្តមានលោក រ័ត្ន សុវណ្ណរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា, លោកស្រី ហ៊ុន ម៉ាណា, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

បន្ទាប់ពីសម្ពោធអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាផ្លូវការ អស់រយៈពេលមួយឆ្នាំមកនេះ ធនាគារ វីង បានឆ្លុះបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនជាដៃគូគួរដ៏ឲ្យជឿជាក់ដែលប្រជាជនកម្ពុជា អាចពឹងពាក់បានក្នុងការការពារប្រាក់សន្សំរបស់ពួកគាត់ ប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាពខ្ពស់។

បច្ចុប្បន្ននេះធនាគារ វីង ទទួលបានប្រាក់បញ្ញើពីអតិថិជនជាង ៥០០លានដុល្លារអាមេរិក និងមានអតិថិជនប្រើប្រាស់ App Wing Bank ជាង១លាននាក់។ លើសពីនេះ ធនាគារ វីង ក៏ផ្តល់ជូនអត្រាការដ៏ល្អមួយនៅក្នុងប្រទេស ព្រមទាំងផ្តល់ជូនកម្ចីតាមប្រព័ន្ធឌីជីថល និងមានដៃគូទូទាត់ជាង ១០,០០០ទីតាំងផងដែរ។

លោក ហាន ប៉េងក្វាង នាយកប្រតិបត្តិនៃធនាគារ វីង បានថ្លែងថា «យើងមិនអាចសម្រេចកិច្ចការទាំងអស់នេះបានឡើយ ប្រសិនបើគ្មានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់អតិថិជន ដៃគូសហការ និងភាគីពាក់ព័ន្ធ។ យើងនឹងបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយធនាគារដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលដូចទៅនឹងពាក្យបាវចនារបស់យើង គឺធនាគារ វីង ធនាគារសម្រាប់ប្រជាជនកម្ពុជា»

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ធនាគារ វីង បានបើកដំណើរការជាង ១០សាខាទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសេវាហិរញ្ញវត្ថុ ដែលកំពុងតែកើនឡើង។ នៅឆ្នាំ២០២២ ធនាគារ វីង បានបើកដំណើរការសាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក សាខាបឹងត្របែក និងសាខាព្រះយុគន្ធរ ដែលសាខាទាំងអស់នេះ ស្ថិតនៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះ គឺស្ថិតនៅខេត្តព្រះសីហនុ។

សម្រាប់ប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៣នេះ ធនាគារ វីង បានបើកសាខាបន្ថែមចំនួន ៤បន្ថែម នៅខេត្តបាត់ដំបង តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ខេត្តសៀមរាប និងខេត្តស្វាយរៀង។

ធនាគារ វីង សាខាអ័រគីដេ ២០០៤ នឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មធនាគារយ៉ាងពេញលេញដូចជា៖ ប្រាក់បញ្ញើ កម្ចីសម្រាប់អាជីវកម្ម ផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ ធនាគារ វីង សុទ្ធសឹងតែមានបុគ្គលិក ប្រកបដោយវិជ្ជាជីវៈនិងរួសរាយរាក់ទាក់ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើអតិថិជនក្នុងទីតាំងថ្មីនេះ ទាំងប្រជាជនមូលដា្ឋន និងជនបរទេស។

ធនាគារ វីង សាខាអ័រគីដេ២០០៤ មានទីតាំងស្ថិតនៅអាគារអេសហាសអ៊ែរ១ លេខ៣៥ ផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាប់នឹងច្រកចូល អ័រគីដេដឹរ៉ូយ៉ាល់ នៅផ្លូវ២០០៤ផ្ទាល់តែម្តង។ សាខានេះបើកបម្រើសេវាអតិថិជន ថ្ងៃចន្ទ ដល់ សុក្រ ពីម៉ោង៨ ព្រឹក ដល់ ៥ ល្ងាច ហើយមានបំពាក់ដោយទូATMដ៏ទំនើបសម្រាប់ការដកប្រាក់ដោយឥតគិតថ្លៃ។

ថ្មីៗនេះ ធនាគារ វីង ក៏បានដាក់ដំណើរការសេវាកម្មពិសេសសម្រាប់និយោជក សម្រាប់បើកប្រាក់បៀវត្សរ៍តាមរយៈប្រព័ន្ធ iBanking របស់ធនាគារ វីង ដោយមិនគិតថ្លៃសេវា។ ហើយអាចដកប្រាក់បៀវត្សរ៍ ដោយឥតគិតថ្លៃតាមរយៈបណ្តាញនៃភ្នាក់ងារ វីង ដ៏ធំទូលាយ សាខារបស់ធនាគារ វីង ការិយាល័យកណ្តាលធនាគារវីង និងម៉ាស៊ីន ATM របស់វីង។ ទាំងនិយោជក និងនិយោជិត ក៏មានសិទ្ធិទទួលបាន ប្រាក់កម្ចីឌីជីថលដោយគ្មានវត្ថុបញ្ចាំផងដែរ៕