(ពោធិ៍សាត់)៖ យោងតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នឹងចាប់ផ្តើមផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ តទៅ តាមរយៈកញ្ចក់ទូរទស្សន៍បាយ័ន ហើយបន្ទាប់ពីផ្សាយតាមទូរទស្សន៍នេះហើយ ក៏នឹងផ្សាយតាមឆាណែលតេឡេក្រាមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងនេះ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅខេត្តពោធិ៍សាត់។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «រឿងហ្នឹងនឹងចាប់បញ្ចាំងនៅថ្ងៃទី២០ តាមទូរទស្សន៍បាយ័ន ១អាទិត្យ ៣ភាគ។ ប៉ុន្តែក្រោយការបញ្ចាំង តាមទូរទស្សន៍ហើយ ខ្ញុំនឹងបង្ហោះចូលតាមគ្រុបតេឡេក្រាម ចឹងអ្នកដែលចង់មើលខ្សែភាគយន្តតាមរយៈទូរស័ព្ទដៃ គឺភ្ជាប់គ្រុបតេឡក្រាមរបស់ខ្ញុំទៅ»

តែទោះជាយ៉ាងណា សម្ដេចតេជោមិនបង្ហោះផ្សាយតាមតេឡេក្រាមមុនការចាក់បញ្ចាំងនៅលើទូរទស្សន៍នោះឡើយ អាចចាក់បញ្ចាំងនៅក្រោយ១ម៉ោង ឬ២ម៉ោង។

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ការបន្ថែមការចាក់ផ្សាយតាមប្រព័ន្ធតេឡេក្រាមនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋបានមើលរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីឱ្យបានច្រើនគ្នា ពិសេសសម្រាប់អ្នករវល់នឹងកិច្ចការងារប្រចាំថ្ងៃ អ្នកធ្វើដំណើរតាមផ្លូវដែលមិនអាចមើលទូរទស្សន៍បាន។ ប្រជាពលរដ្ឋត្រូវភ្ជាប់ជាមួយឆាណែលតេឡេក្រាមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

គួរជម្រាបថា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបើកសម្ពោធការចាក់ផ្សាយខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាខ្សែភាពយន្តខ្នាតធំស្ដែងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរសម័យខ្មែរក្រហម និងការរំដោះប្រទេសកម្ពុជាពីរបបដ៏ខ្មៅងងឹតនេះ ព្រមទាំងការស្វែងរកសន្តិភាពជូនជាតិកម្ពុជាផងដែរ៕