(ពោធិ៍សាត់)៖ ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពការសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងនេះ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្នើឱ្យបញ្ឈប់ការប្តូរឈ្មោះផ្លូវជាតិបន្តទៅទៀត ដើម្បីកុំឱ្យមានការវង្វេងដល់ប្រជាពលរដ្ឋ ហើយត្រូវខិតខំធ្វើផ្លូវឱ្យបានល្អ។

នាឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា សម្តេចធ្លាប់លើកជាគំនិតថានឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលនឹងគ្រប់ដណ្តប់ខេត្ត៤ រួមមាន៖ ខេត្តពោធិសាតិ៍ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងប៉ៃលិន ដែលនោះបានផ្តើមចេញពីការចរចាររវាងសម្តេស និងប្រធានាធិបតីចិន ស៊ីជិនភីង ដែលនឹងបង្កើតជាគម្រោងរបៀង មច្ឆា និងអង្ករ។ សម្តេចក៏បានបង្ហាញជំនឿដែរកម្ពុជា នឹងអាចឈានទៅបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ហើយចិននឹងអាចជួយវិនិយោគបង្កើតជាផ្លូវជាតិលេខ៥៥ និងបង្កើតផ្លូវតភ្ជាប់មាន ផ្លូវ៥៧ ផ្លូវ៥៧បេ និងផ្លូវផ្សេងៗទៀតផងដែរ។

ជាមួយនឹងភាពច្រឡំនៃការហៅឈ្មោះផ្លូវនាតំបន់នោះដោយសារតែមានការដូរឈ្មោះផ្លូវជាបន្តបន្ទាប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ចឹងបានខ្ញុំថាឈប់កុំនាំគ្នាដូរទៀត គឺថារដ្ឋមន្ត្រីឡើងមួយមកដូរម្តង រដ្ឋមន្ត្រីឡើងមកដូរឈ្មោះម្តង ចឹងឈប់ប៉ុណ្ណឹងបានហើយវង្វេង បោះផែនទីទៅបោះដាក់ថាផ្លូវលេខ៥៦ ដល់គេថា អានេះផ្លូវលេខ៥៥ទេ វាវង្វេងអស់ រដ្ឋមន្ត្រីខ្លះឡើងមកបានត្រឹមតែមកដូរឈ្មោះផ្លូវ ប្រាប់ថាអាស្តាំលេខគូ អាឆ្វេងលេខសេស វាទៅជាអញ្ចឹងអស់ទៅ វាមិនគិតពីធ្វើផ្លូវ វាគិតតែរឿងដូរផ្លូវនេះទៅវិញ អានឹងវាហួសទៅហើយ តែបើមិននិយាយនៅតែដូរទៀត ឡើងមកមួយដូរមួយ ឡើងមកពីរដូរពីរ»

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា រឿងដូរឈ្មោះផ្លូវមិនសំខាន់នោះទេ ហើយអ្វីដែលសំខាន់នោះគឺរឿងធ្វើផ្លូវឱ្យបានល្អ ងាយស្រួលសម្រាប់ការធ្វើដំណើរវិញ ហើយចំពោះរឿងដូរឈ្មោះផ្លូវនេះ វាធ្វើឱ្យប្រជាពលរដ្ឋមានការវង្វេងទៅវិញនោះទេ។

នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា នៅពេលខាងមុខនេះប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងនៅស្រុកវាលវែង នៅពេលចង់ធ្វើដំណើរទៅក្រុងព្រះសីហនុ ទៅកោះកុង លែងពិបាកទៀតហើយ ដោយមិនចាំបាច់ឆ្លងទៅកំពង់ឆ្នាំង ទៅភ្នំពេញ និងបន្តទៅកំពង់សោមទៀតនោះទេ គឺគ្រាន់តែចេញតាមវាលវែង តភ្ជាប់ទៅកោះកុង តាមផ្លូវជាតិលេខ១០។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះ មានប្រវែងសរុបចំនួន ១៩៨.៥១៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង១ ៧២១.៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព គិតមកដល់ពេលនេះបានសម្រេចការសាងសង់ជាង ៥៦%ហើយ៕