(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលអនាគត សម្តេចចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពោលគឺជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុង សម្តេចតេជោ ​អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ព្រោះឥលូវស្វាយចន្ទីបានផលិតច្រើនជាងគេទាំងអស់ គ្រាន់តែយើងមិនទាន់មានការកែច្នៃ។ ខ្ញុំមើលពិព័រណ៌ទៅកំពង់ធំថ្ងៃមុន ប្រទេសកូតឌីវ័រមានត្រឹមតែមួយលាន១សែនតោនទេ តែកម្ពុជាយើងមាន១លាន១សែន៨ម៉ឺនតោន។នេះមិនទាន់គិតអាដែងកំពុងលូតលាស់ឡើង​ដែលមានប្រមាណ៧០ម៉ឺនហិកតា។អ៊ីចឹងថ្ងៃក្រោយទៅប្រសិនជាថា ស្វាយចន្ទីនេះវាកាត់កង អានេះចែកតាមទីផ្សារនៅលើពិភពលោកតែម្តង ប្រទេសណាក៏ត្រូវការ ជាពិសេសក្នុងវិស័យទេសចរណ៍ហ្នឹង ត្រូវការគ្រាប់ស្វាយចន្ទី»

ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋនៅខេត្តពោធិ៍សាត់នេះដែរ សម្តេចតេជោ បានជំរុញឱ្យពលរដ្ឋក្នុងខេត្តនេះ ​ដាំស្វាយចន្ទី​ ​ដែលជាដំណាំយុទ្ធសាស្រ្តនេះផងដែរ។

យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នផ្ទៃដីដុះស្វាយចន្ទីនៅកម្ពុជាមានប្រមាណជាង៧០ម៉ឺនហិកតា និងផ្តល់ចំណូលបានប្រមាណជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅនៅលើពិភពលោកមានប្រមាណ៥លានតោន ក្នុងនោះកម្ពុជាផលិតបាន ១ ១៨០ ០០០ តោន ​ស្មើនឹង២៤នៃការផលិតសរុប, ប្រទេសកូតឌីវ័រផលិតបាន១ ១០០ ០០០តោន ​ស្មើនឹង២២%នៃការផលិតសរុប ,ប្រទេសឥណ្ឌាផលិតបាន ៨០០ ០០០តោន ​ស្មើនឹង១៦%នៃការផលិតសរុប ​,ប្រទេសវៀតណាម ផលិតបានប្រមាណ ៣៩៩ ០០០ ​ស្មើនឹង៨%នៃការផលិតសរុប រួមនឹងប្រទេសផ្សេងៗទៀត មានប្រមាណ១ ៥២៣ ២២២តោន៕