(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង។

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្បូរណាស់អ្នកចង់បានប្រជាធិបតេយ្យ និងសិទ្ធិផ្សេងៗ តែមើលរំលងសិទ្ធិរស់រៀនមានជីវិត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គិតដល់សិទ្ធិរស់រៀនមានជីវិតជាចម្បង ហើយទើបគិតដល់សិទ្ធិដទៃទៀត។

* សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះផលប៉ះពាល់កើតចេញពីការធ្វើវារីអគ្គសិសនីស្ទឹងពោធិ៍សាត់១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលភ្ជាប់ជាមួយបណ្តាញអគ្គិសនីមានរហូតដល់ទៅ៩០ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យនេះប្រជាពលរដ្ឋប្រើអគ្គិសនី មិនមែនសម័យប្រើភ្លើងចន្លុះទៀតនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នថាមពលអគ្គិសនីរបស់កម្ពុជា ទទួលបានពីប្រភពកកើតឡើងវិញរហូតដល់ទៅ ៦២ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វារីអគ្គិសនីជាប្រភពថាមពលដ៏ល្អមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីទសវត្សរ៍៩០ កម្ពុជា ប្រើអគ្គិសនីត្រឹមប្រមាណ ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ តែបច្ចុប្បន្នប្រើរហូតដល់ទៅជា ២២០០មេហ្គាវ៉ាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបរិស្ថាននិយមជំទាស់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ជំទាស់ការធ្វើវារីអគ្គិសនី តើចង់វិលទៅដុតចន្លុះវិញឬយ៉ាងណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនប្រឹងបង្កើតប្រភពថាមពលអគ្គិសនីទេ ប្រជាពលរដ្ឋនៅតែដុតចន្លុះ ប្រើចង្កៀង និងដុតប្រេងកាត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគ្គិសនី មិនត្រឹមតែបំពេញការប្រើប្រាស់របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏បំពេញដល់តម្រូវការឧស្សាហកម្ម និងទេសចរណ៍ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នរាជធានីភ្នំពេញត្រូវការថាមពលអគ្គិសនីរហូតដល់ទៅ ១ពាន់មេហ្គាវ៉ាត់។ ខណៈកាលពីមុនត្រូវការតែត្រឹម៣០មេហ្គាវ៉ាត់។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់នារីកុំឱ្យប្រឹងកែច្នៃរូបសម្រស់ពេក ទេវតាផ្តល់ឱ្យប៉ុណ្ណាយកប៉ុណ្ណឹងទៅ កុំឱ្យប្រឈមនឹងគ្រោះថ្នាក់។

* សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា ទីផ្សារឈើនៅអឺរ៉ុប កំពុងមានតម្រូវការខ្ពស់ ព្រោះតែប្រភពថាមពលពីរុស្ស៉ី ត្រូវបានកាត់ផ្តាច់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសង្គ្រាមនៅអ៊ុយក្រែន បន្តអូសបន្លាយ ប្រទេសនៅអឺរ៉ុប នឹងកាប់ឈើយកអុសប្រើប្រាស់ ហើយវានឹងប៉ះពាល់ដល់គោលនយោបាយបៃតង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងរួមចំណែកកាត់បន្ថយការជន់លិចទីរួមខេត្តពោធិ៍សាត់ ក្នុងរដូវវស្សា និងធានាការផ្គត់ផ្គង់ទឹកនៅរដូវប្រាំង។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ឈប់ការប្តូរឈ្មោះផ្លូវជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអាចធ្វើនាយករដ្ឋមន្ត្រីរហូតនោះទេ ពេលនេះរកក្មេងបានហើយ ត្រូវឱ្យគេបន្តធ្វើ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត់មានករណីអស្ថិរភាពព្រោះតែបាត់បង់នាយករដ្ឋមន្ត្រីនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកសម្តីរដ្ឋមន្ត្រីមួយរូបថា ជួបប្អូនប្រុសជារឿងសប្បាយ តែបែកពីឪពុកជារឿងលំបាក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែប្រែប្រការមួយចំនួននៃរដ្ឋធម្មនុញ្ញនាពេលកន្លងទៅ ដើម្បីធានាដល់និរន្តរភាពនៃការដឹកនាំជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកចាញ់ក្តីនៅតុលាការ កុំមកជេរសម្តេច។ អំណាចតុលាការ ជាអំណាចមួយដាច់ដោយឡែក។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋតាមយន្តការក្រៅប្រព័ន្ធតុលាការ។

* សម្តេចតេជោ ហ៊ុន សែន ប្រគល់ភារកិច្ចជូនលោក កែវ រតនៈ ដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋប្រមាណ ៣គ្រួសារទៀត។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នឹងចាប់ផ្តើមផ្សាយនៅថ្ងៃទី២០ ខែមីនា លើកញ្ចក់ទូរទស្សន៍បាយន្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្សែភាពយន្តនេះ បន្ទាប់ពីផ្សាយតាមទូរទស្សន៍ហើយ ក៏នឹងផ្សាយតាមឆាណែលតេឡេក្រាមរបស់សម្តេចផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆាណែលតេឡេក្រាមរបស់សម្តេច ជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ដែលមានអ្នកភ្ជាប់ច្រើនជាងគេ ខណៈលេខ១ របស់ប្រធានាធិបតីអ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកខ្លះកំពុងទទួលផលពីសន្តិភាព តែមិនហ៊ាននិយាយពីគុណតម្លៃរបស់សន្តិភាពទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃអគ្គិសនីប្រទេសជិតខាងឡើងថ្លៃលើសកម្ពុជាហើយ តែកម្ពុជាមិនដំឡើងថ្លៃទេ។

* សម្តេចតេជោ ហ៊ុន សែន ហួសចិត្តគោលនយោបាយបក្សនយោបាយខ្លះនៅផ្ទះស្បូវ តែសន្យាផ្តល់ផ្ទះក្បឿងជូនម្ចាស់ឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖១០នាទីនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News៕