(តាកែវ)៖ លោកវេជ្ជបណ្ឌិត យង់ សុវឌ្ឍនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានថ្លែងថា ក្នុងនាមជាយុវជន សូមកុំធ្វើឱ្យឪពុកម្ដាយ ស្រក់ទឹកភ្នែកដោយសារខ្លួនប្រើប្រាស់គ្រឿងញៀន ឲ្យសោះ។

លិកថ្លែងបែបនេះក្នុងពេលអញ្ជើញចូលរួមជាអធិបតីក្នុងពិធី​ផ្សព្វផ្សាយ​ប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀនដល់សិស្សានុសិស្ស​ យុវជន​កាយរិទ្ធ​ និង​យុវជនកាកបាទក្រហមកម្ពុជា​នៅសាលមហោស្រពខេត្តតាកែវ នាថ្ងៃចន្ទ​ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ​ ។

លោក យង់​ សុវឌ្ឍនា បានថ្លែងកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសហការជាមួយស្ថាប័នតុលាការកន្លងមកនេះ បានបង្ក្រាបមេឧក្រិដ្ឋកម្មគ្រឿងញៀនដ៏ធំមួយក្នុងភូមិសាស្រ្តខេត្តតាកែវធ្វើឱ្យអត្រានៃការប្រឈមគ្រឿងញៀន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងសូមឱ្យប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្សទាំងអស់ក្នុងខេត្តតាកែវ ត្រូវចាត់ទុកគ្រឿងញៀន ជាបញ្ហារួមរបស់យើងទាំងអស់គ្នា គឺមិនមែនជាភារកិច្ចផ្តាច់មុខរបស់នរណាម្នាក់ ឬក្រុមណាមួយឬអង្គភាពណាមួយ ឬ សមត្ថកិច្ចណាមួយឡើយ។

លោកបានបន្តថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមមូលដ្ឋានជោគជ័យទៅបាន លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ហើយប្រជាជនម្នាក់ៗត្រូវមានភារកិច្ចចូលរួម មិនប្រើប្រាស់គ្រឿងញៀនសហការជាមួយសមត្ថកិច្ចរាយការណ៍រាល់បទល្មើសគ្រឿងញៀនទៅកាន់សមត្ថកិច្ច ដើម្បីគ្រប់គ្រួសារ គ្រប់ភូមិ ឃុំ សង្កាត់ក្នុងខេត្តតាកែវទាំងមូលមានសុវត្ថិភាពគ្មានគ្រឿងញៀន។

ក្នុងឱកាសនោះដែរ លោក យង់ សុវឌ្ឍនា បានសំណូមពរដល់ប្អូនៗយុវជន យុវតី ទាំងអស់សូមកុំធ្វើឱ្យឪពុកម្ដាយ ស្រក់ទឹកភ្នែកដោយសារខ្លួនប្រើប្រាស់គ្រឿងញៀន ត្រូវចងចាំថាការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតខ្លួនឯង បំផ្លាញគ្រួសារ  និងបំផ្លាញសង្គមជាតិទាំងមូល៕