(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោង។

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគរួចមក ក្រុមហ៊ុនបានខិតខំ​ស្វែង​រក​ប្រភពទុនវិនិយោគ និងក្រុមហ៊ុនដៃគូសាងសង់ដែលមានបទពិសោធន៍​ខ្ពស់ ដោយបានជ្រើសយកក្រុមហ៊ុន Power China មកពីប្រទេសចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់គម្រោងវារីអគ្គិសនីនៅកម្ពុជានាពេលកន្លងមក។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានចាប់ផ្តើមដំណើរការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន បានយកចិត្តទុកដាក់សាងសង់ និងសម្រេចបានលទ្ធផលមួយចំនួនរួមមាន បោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ៥៦៦ហិកតា, កាប់ឆ្ការព្រៃនៅទីតាំងសំខាន់ៗរបស់គម្រោងលើផ្ទៃដីទំហំ ៥៦៦ហិកតា ព្រមទាំងបានសាងសង់ផ្លូវចូលទៅកាន់ទំនប់ និងទីតាំងសំខាន់ៗរបស់គម្រោងសរុបជិត ៣៦គីឡូម៉ែត្រ។

គម្រោងកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ព្រមទាំងដាក់ឱ្យដំណើរការ​នៅឆ្នាំ២០២៦។

លោក ខូច រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គម្រោងវារីអគ្គិសនីនេះ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៣៤៧គ្រួសារ។ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ៣៤២គ្រួសារ ស្មើនឹង ៩៨ភាគរយ បានដោះស្រាយគោលនយោបាយសំណង​រួច​រាល់។

សម្រាប់ការដោះស្រាយផលប៉ះពាល់ និងផ្តល់សំណង ត្រូវបានចែកជា​៣លក្ខ​ខណ្ឌ។ លក្ខខណ្ឌទី១ សម្រាប់គ្រួសារពលរដ្ឋដែលមានផ្ទះ និងដីស្ថិតក្នុងតំបន់គម្រោងចំនួន ១២គ្រួសារ។ ក្នុងមួយគ្រួសារ ទទួលបានផ្ទះទំហំ ៨០ម៉ែត្រការ៉េ និងដីកសិកម្មដែលបានឈូសឆាយភួររាស់រួចរាល់ទំហំ៥ហិកតា ស្ថិតនៅភូមិតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លក្ខខណ្ឌទី២ សម្រាប់គ្រួសារពលរដ្ឋដែលប៉ះពាល់តែដីកសិកម្ម និងពុំមានផ្ទះក្នុងតំបន់គម្រោង មានចំនួន ៦០គ្រួសារ។ ក្នុងមួយគ្រួសារ ទទួលបានដីកសិកម្មដែលបានឈូសឆាយភ្ជួររាស់រួចរាល់ទំហំ ៥ហិកតា ស្ថិតនៅភូមិទួលក្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លក្ខខណ្ឌទី៣ សម្រាប់គ្រួសារដែលមានតែខ្ទម និងដីក្នុងតំបន់គម្រោង មានចំនួន ២១៨គ្រួសារ។ ប្រជាពលរដ្ឋទាំង២១៨គ្រួសារនេះ ព្រមទទួលសំណងជាប្រាក់សុទ្ធ។ ថ្លៃសំណង ត្រូវបានដោះស្រាយតាមការសិក្សា ដែលត្រូវបានកំណត់តម្លៃទៅតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយឡែកប្រជាពលរដ្ឋប្រមាណ ៤៣គ្រួសារទៀត បន្ទាប់ពីសិក្សាជាក់ស្តែង គឺមាន ៣៧គ្រួសារ មិនរងផលប៉ះពាល់ និង ៦គ្រួសារ បាត់ដំណឹងរកម្ចាស់មិន​ឃើញ​។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាវារីអគ្គិសនីទី២ហើយនៅក្នុង​ខេត្តពោធិ៍​សាត់ បន្ទាប់ពីវារីអគ្គិសនីអាតៃ។ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ត្រូវបានសិក្សា និង​វាយតម្លៃមានប្រយោជន៍ខ្ពស់សម្រាប់សេដ្ឋកិច្ច។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា បានឱ្យដឹងថា គម្រោងនេះក្រៅពីផ្តល់ការងាររាប់រយកន្លែងជូនដល់ប្រជាពលរដ្ឋហើយនោះ គម្រោងនេះ ក៏ជួយផ្តល់បន្ថែមនូវថាមពលអគ្គិសនីសម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាក្របខណ្ឌទូទាំងប្រទេស។ បន្ថែមពីលើនេះគម្រោងនេះ ក៏ជួយទប់ទឹកជំនន់ក្នុងខែវស្សា មិនឱ្យជន់លិចភូមិសាស្ត្រមួយចំនួនដូចជាក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងបាកានជាដើម។

លើសពីនេះទៀត គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ក៏ជួយផ្តត់ផ្គង់ទឹកសម្រាប់​ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពនៅក្នុងរដូវប្រាំងផងដែរ។

បើតាមលោក កែវ រតនៈ ក្រៅតែពីប្រយោជន៍រៀបរាប់ខាងលើហើយនោះ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ក៏ផ្តល់ជាប្រយោជន៍សម្រាប់វិស័យទេសចរណ៍ផងដែរ៕