(ភ្នំពេញ)៖ លោក ឡី សុភាព ក្នុងនាមធុរកិច្ចទីផ្សារបណ្តាញ និងវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញវិជ្ជាជីវៈ ថ្នាក់ដឹកនាំ សមាជិក សមាជិកាមកពីក្រុមហ៊ុន សីហា ផៅវ័រីច (ខេមបូឌា) ឯ.ក បន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា និងគាំទ្រ​លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តនាពេលអនាគត។

ការប្រកាសរបស់លោក​ ឡី សុភាព បែបនេះធ្វើឡើង ក្នុងពិធីរំលឹកខួប៤ឆ្នាំ ​ការបង្កើតក្រុមហ៊ុន សីហា ផៅវ័រ រីច ក៏ដូចជាជួបសំណេះសំណាល ជាមួយធុរកិច្ចទីផ្សារបណ្តាញ ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញវិជ្ជាជីវៈ ថ្នាក់ដឹកនាំ សមាជិក សមាជិការមកពីក្រុមហ៊ុន សីហា ផៅវ័ររីច ជាង១ម៉ឺននាក់​ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលព្រីមមៀ សែន សុខ។

ក្នុងនោះ​លោក ឡី សុភាព ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរយៈពេល៤ឆ្នាំរបស់ក្រុមហ៊ុន សីហា ផៅវ័រ រីច ដែលអាចចាត់ទុកបានថាជានិម្មិតរូបនៃទីផ្សារបណ្តាញ និងចាត់ទុកកម្មវិធីដែលរៀបចំធ្វើឡើង ដោយក្រុមហ៊ុន សីហា ផៅវ័រ រីច នាឱកាសនេះ ជាទំព័រប្រវត្តិសាស្ត្រមួយ និងឆ្លៀតឱកាសពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដល់ធុរកិច្ចទីផ្សារបណ្តាញដែលបានចូលរួមទាំងអស់ផងដែរ។

លោក ឡី សុភាព ក៏បានរំលឹកថា រាជរដ្ឋាភិបាលបានដាក់ចេញនូវការគាំទ្រឲ្យសមាជិក សមាជិកាបង្វែរគោលនយោបាយទាក់ទងនឹងអាជីវកម្មខ្នាតតូច និងមធ្យម គឺយន្តការណ៍ទីផ្សារបណ្តាញនេះតែម្តង ដែលគោលនយោបាយទីផ្សារបណ្តាញ គឺជាគោលនយោបាយមានច្បាប់ទម្លាប់ត្រឹមត្រូវ រហូតដល់រដ្ឋាភិបាល បានដាក់គោលនយោបាយ ស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ គឺសំដៅលើមីក្រូតូចនិងមធ្យម គឺជាយន្តការទីផ្សារបណ្តាញនេះតែម្តង។

ក្នុងពិធីនោះ លោក ឡី សុភាព បានលើកឡើងថា សមាគមបាននឹងកំពុងបន្តអនុវត្តគោលការ ដែលបានដាក់ចេញ អនុវត្តទទួលបានជោគជ័យ​ នាពេលកន្លងមក ដោយបានសាងកេរ្តិ៍ឈ្មោះ កិត្តិសព្ទ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ និងការប្តេជ្ញារួមរបស់សមាជិកសមាជិកា ដែលមាន៣ចំណុចធំៗរួមមាន៖

ទី១. ផែនការសេដ្ឋកិច្ចសម្រាប់ជីវភាពសមាជិក និងប្រជាពលរដ្ឋ ដែលជំរុញដល់សមាជិក សមាជិកទាំងអស់ត្រូវចាប់យកឱបាន​នូវកាលានុវត្តភាពដ៏ធំធេង តាមរយៈការជំរុញការអនុវត្តឲ្យបានល្អប្រសើរនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ព្រមទាំងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។

ទី២. ការគោរពច្បាប់ដែលចាំបាច់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ត្រូវគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៃកម្ពុជា តួយ៉ាងដូចជាច្បាប់ពាណិជ្ជកម្ម​ តាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់កិច្ចការពារអ្នកប្រើប្រាស់ សម្រាប់អស់លោកលោកស្រី ដែលមានវត្តមាននៅទីនេះ ដើម្បីធ្វើកិច្ចការងារ ។​ ដូច្នេះដើម្បីធ្វើការងារអាជីវកម្ម បានជោគជ័យ វាពឹងផ្អែកលើកត្តាសំខាន់ៗមួយចំនួន ដូចជា ការដាក់ផែនការប្រចាំឆ្នាំ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងអាជីវកម្ម។

ទី៣. សំខាន់បំផុត ក្នុងនាមធុរកិច្ចទីផ្សារបណ្តាញ និងវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញវិជ្ជាជីវៈ ថ្នាក់ដឹកនាំ សមាជិក សមាជិកា បានប្រកាសជាឱឡារឹក គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា និងគាំទ្រ​លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។

ដោយឡែកលោក ដាំ សីហា អគ្គនាយកក្រុមហ៊ុន សីហា ផៅវ័រ រីច (ខេមបូឌា) ឯ.ក បានលើកឡើងថា ដើម្បីឲ្យទីផ្សារដើរខ្លាំង ក្រុមហ៊ុនរបស់លោក ផ្តោតសំខាន់បំផុតធន់ធានមនុស្ស ហើយលោកបានបណ្តុះបណ្តា ធន់ធានមនុស្ស​បានច្រើន​ គិតមកដល់ពេលបច្ចុប្បន្ននេះ ប្រមាណជារាប់សែននាក់ ត្រូវបានបណ្តុះបណ្តា នឹងក្លាយជាសមាជិកទីផ្សារបណ្តាញ នៃក្រុមហ៊ុន សីហា ផៅវ័រ រីច​ ដោយក្នុងនោះលោកបានបញ្ជាក់ថា ទី១ក្រុមហ៊ុន បានបណ្តុះបណ្តាឲ្យមានផ្នត់គំនិតរកស៊ី ​ទី២ផ្នត់គំនិតក្នុងការនិយាយជាសាធារណៈ និយាយឲ្យមានភាពទាក់ទាញ ទី៣បង្រៀនពីយុទ្ធសាស្ត្រក្នុងការលក់ ដែលជាជំនាញសំខាន់ ទី៤ជំនាញរៀបចំផែនការការងារ និងទី៥បង្រៀនឲ្យចេះស្រលាញ់ ដែលសំដៅដល់ការផ្តល់​ នៃសេចក្តីស្រលាញ់ទៅមនុស្សជុំវិញខ្លួន និងស្រលាញ់ការងាររបស់ខ្លួន ដែលអាចជ​ម្រុញដល់កិច្ចសហការជាមួយដៃគូនានាកាន់តែប្រសើរនិងមានប្រសិទ្ធភាព៕