(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម។

សូមបញ្ជាក់ថា លោក ចាស្ទីន វ៉ាយអេត ត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីរប​ស់​អូស្ត្រាលី​ប្រចាំ​នៅកម្ពុជា ជំនួសលោក បាប្លូ កាង។ លោក ចាស្ទីន វ៉ាយអេត បានចាប់ផ្តើមបំពេញបេសកកម្មរបស់ខ្លួនកាលពីខែកុម្ភៈកន្លងទៅនេះ។

យោងតាមស្ថានទូតអូស្ត្រាលីនៅកម្ពុជា បានឱ្យដឹងថា នេះជាលើកទីពីរហើយដែលលោកឯកអគ្គរាជទូត វ៉ាយអេត មកបម្រើការងារនៅកម្ពុជា។ ការងារការទូតដំបូងបង្អស់របស់លោក គឺនៅស្ថានទូតអូស្ត្រាលីកាលពីជាង ២០ឆ្នាំមុន។ សម្រាប់លើកនេះ លោកត្រឡប់មកវិញជាមួយភរិយា និងកូនទាំងបីនាក់។

ស្ថានទូតបានឱ្យដឹងទៀតថា លោកឯកអគ្គរាជទូត វ៉ាយអេត ទន្ទឹងរង់ចាំពង្រឹង​ភាពជាដៃ​គូរ​វាង​អូស្ត្រាលី និងកម្ពុជា ព្រមទាំងធ្វើការជាមួយកម្ពុជាលើបញ្ហានានា។ ក្នុងអាណត្តិបម្រើ​ការងារ​នេះ លោកសង្ឃឹមថា នឹងបានទៅទស្សនកិច្ចគ្រប់ខេត្តទាំងអស់​នៅក្នុងប្រទេស​កម្ពុជា និងបង្កើនជំនាញភាសាខ្មែរ​របស់លោក ដោយមានការជួយជ្រោមជ្រែង​ពីមិត្ត​ភ័ក្តិកម្ពុជា៕