(ភ្នំពេញ)៖ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ១៦នាក់ ដែលជាខ្មែរកម្ពុជាក្រោម នៅពេលនេះ បានប្រកាសផ្តាច់ខ្លួន និងចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអស់ជំនឿទៅលើមេដឹកនាំក្រុមប្រឆាំង។

លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺដោយសារមានការជឿជាក់លើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ។

លោកបានបន្តថា ទន្ទឹមគ្នានឹងការចូលរួមរបស់សមាជិកថ្មី១៦នាក់នេះ ក៏នៅមានប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅកម្ពុជាក្រោមហើយដែលធ្លាប់ជាសកម្មជនអតីត CNRP ប្រមាណជាង ១០០នាក់ថែមទៀត គ្រោងនឹងដាក់ពាក្យស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នាពេលខាងមុខនេះផងដែរ។

លោក សឿង សុធានី បានប្រកាសអំពាវនាវដល់អ្នកគាំទ្រ ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយចំនួនដែលធ្លាប់គាំទ្រអតីតបក្សសង្គ្រោះជាតិ ងាកមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីចូលរួមជាកម្លាំងខ្មែរតែមួយ សំដៅធានាការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែរីកចម្រើនថែមទៀត៕