(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងភាគីបារាំងនឹងបន្តសិក្សាលទ្ធភាពសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ នៅឆ្នាំ២០២៣នេះ ដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់ទឹកស្អាត នៅទូទាំងរាជធានីភ្នំពេញ។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាករទឹកក្រុងភ្នំពេញ និងទីប្រឹក្សាបច្ចេកទេស SUEZ Consulting ក្នុងការសិក្សាសមិទ្ធិលទ្ធភាព របស់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី៣ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះថា​ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ គឺ​​យោងទៅតាមផែនការមេជំហានទី៣ ដែលទាមទារឱ្យបន្ត​សាងសាង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ បន្ថែមទៀត ដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់ទឹកស្អាត នៅទូទាំងរាជធានីភ្នំពេញ ​​ស្របពេល​ចំនួនប្រជាជន និងតម្រូវការទឹកប្រើប្រាស់ បានកើនឡើងពីមួយឆ្នាំទៅឆ្នាំឥតឈប់ឈរ​។

លោកបន្ថែមថា ក្រៅពីផ្គត់ផ្គង់នៅរាជធានីភ្នំពេញ គម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី ៣នេះ ក៏នឹងផ្គត់ផ្គង់ទៅតំបន់​ក្រៅពីរាជធានីភ្នំពេញផងដែរ ដូចជានៅប៉ែកខាងជើង,​ ​ប៉ែកខាងជើង​ឆៀងខាងកើតរាជធានីភ្នំពេញ និងភាគខាងជើងឆៀងខាងលិច រាជធានីភ្នំពេញជាដើម។

លោកបាន​ឱ្យដឹងថា ការសិក្សាសមិទ្ធិលទ្ធភាព​គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ នឹងត្រូវចាប់ផ្តើម​ឡើង ​នៅក្នុងចន្លោះខែតុលា និងវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងចំណាយថវិកាសម្រាប់សិក្សាប្រមាណ ៥០០ពាន់អឺរ៉ូ (ជាង៥០ម៉ឺនដុល្លារ) ដែលជាជំនួយហិរញ្ញប្បទានឥតសំណង របស់ក្រសួងសេដ្ឋកិច្ចបារាំង។

លោកបន្តថា តាមផែនការមេជំហានទី៣ ដែលរដ្ឋាទឹកបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន គម្រោង​រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ នឹងត្រូវផលិតទឹកឱ្យបាន ១៩៥ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្តែយ៉ាងនេះក្តីរង់ចាំការសិក្សាបញ្ចប់សិន ទើបដឹងជាក់ស្តែងថា បរិមាណទឹកដែលត្រូវផលិត មានចំនួនប៉ុន្មានម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកលើកឡើងយ៉ាងដូច្នេះថា «រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី ៣នេះ មុននឹងសាងសង់ គឺមុនដំបូងត្រូវទាមទារការសិក្សាជាមុនសិន ថាតើត្រូវទាមទារការសាងសង់រោងចក្រនោះប៉ុន្មានម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ​ហើយវាគ្រប់គ្រងការផ្គត់ផ្គង់ទៅតំបន់ណាសំខាន់ ដើម្បីគណនាបង្ហាញទៅលើការសិក្សាសមិទ្ធិលទ្ធភាព [...] ក្រោយការសិក្សានេះ យើងនឹងរៀបចំឯកសារជូនដល់សាមីក្រសួងអាណាព្យាបាល រួមមានក្រសួងហិរញវត្ថុ និងក្រសួងឧស្សាហកម្ម ដើម្បីលោកជួយអន្តរាគមន៍ ស្វែងរកថវិកាសម្រាប់សាងសង់»

លោកបាន​ឱ្យដឹងផងដែរថា បន្ទាប់ពីបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ គម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ អាចនឹងឈាន​ទៅការសាងសាង់នៅ​ចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ​​ ដែលអាចនឹងរួចរាល់នៅចុងឆ្នាំ២០២៨ ឬ២០២៩។

បើតាមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់ទឹកស្អាត នៅរាជធានីភ្នំពេញទាំងមូល មានប្រមាណ ៨០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ​ប៉ុន្តែសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រទាំង ៤របស់រដ្ឋាករស្វយ័តទឹកក្រុងភ្នំពេញ មានត្រឹមតែ៦៣ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។

លោក ឡុង ណារ៉ូ បានលើកឡើងថា នៅពេលដែលរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាពផលិតទឹកស្អាតបាន ១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដាក់ឱ្យដំណើរការនៅក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ នឹងបំពេញបាននូវតម្រូវការគ្រប់គ្រាន់ ដល់គ្រប់បណ្តាញដែលមានស្រាប់​ ដែលធ្លាប់តែជួបបញ្ហាសម្ពាធទឹកទាប។

ចំណែកគម្រោងរោងចក្របាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ គ្រោងនឹងបញ្ចប់ការសាងសង់នៅត្រីមាសទី១ ឆ្នាំ២០២៤ ដោយរោងចក្រនេះនឹងបន្តពង្រីកទៅកាន់តំបន់ ដែលរដ្ឋាករទឹកមិនបានផ្គត់ផ្គង់ទៅដល់។

យោងតានផែនការមេផ្គត់ផ្គង់ទឹកស្អាត ដំណាក់កាលទី៣ នៅរាជធានីភ្នំពេញ ​បានព្យាករណ៍ថា នៅឆ្នាំ២០៣០ ​តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ​ ដែលតម្រូវឱ្យសាងសង់រោងចក្រផលិតទឹកស្អាតយ៉ាងហោច ៦ទីតាំងបន្ថែមទៀត៕