(ភ្នំពេញ)៖ លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត និងជំរុញដល់បុគ្គលិកគណៈមេធាវី និងមេធាវីដែលជាស្រ្តីទាំងអស់ឱ្យបន្តចូលរួមលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់នារី ឱ្យស័ក្តិសមទៅនឹងតម្លៃរបស់ស្ត្រី ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា «ស្ត្រីជាត្បូងដ៏មានតម្លៃ» «ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»

ការលើកទឹកចិត្តបែបនេះ របស់លោកមេធាវី លី ច័ន្ទតុលា បានធ្វើឡើងក្នុងឱកាសលោក និងលោកស្រី ឈីវ ភិរម្យ បានអញ្ជើញជាអធិបតីភាពរៀបចំពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «មេធាវីស្ត្រីក្នុងបុព្វហេតុឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី» ផ្សាភ្ជាប់ទៅនឹងប្រធានបទរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីគឺ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវីជាស្រ្តី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីជាស្រ្តី ព្រមទាំងមានការចូលរួមដោយមេធាវីស្រ្តី ចំនួន ១៦០នាក់ផងដែរ។

នៅក្នុងកម្មវិធីក៏មានការអាននូវព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដោយលោកស្រីមេធាវី មុត ពិសិដ្ឋ សមាជិកាក្រុមប្រឹក្សាគណៈមេធាវី, ការថ្លែងចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់តំណាងបុគ្គលិកគណៈមេធាវី ដោយលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាលគណៈមេធាវី និងការថ្លែងចំណាប់អារម្មណ៍របស់តំណាងមេធាវីស្រ្តី ដោយលោកស្រី ឈីវ ភិរម្យ ផងដែរ។

នាឱកាសនោះដែរ លោកមេធាវី លី ច័ន្ទតុលា បានថ្លែងនូវមតិសំណេះសំណាល និងពាក្យពេចន៍ជជូនពរប្រកបដោយអត្ថន័យដល់សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីជាស្រ្តី មេធាវីស្រ្តី និងបុគ្គលិកគណៈមេធាវីជាស្រ្តី។

កម្មវិធីនេះ ក៏មានការចែកជូននូវវត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាដ៏ស្រស់ស្អាត ដល់សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីជាស្រ្តី មេធាវីស្រ្តី បុគ្គលិកគណៈមេធាវីជាស្រ្តី និងបុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕