(កំពង់ស្ពឺ)៖ អភិបាលរងខេត្តកំពង់ស្ពឺ លោក កៅ សុណ្ណារិទ្ធិ បានលើកឡើងថា ការចោលសំរាម ឬសំណល់គ្រប់ប្រភេទពាសវាលពាសកាល មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស គឺធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាម័យ និងបរិស្ថាន។

ការលើកឡើងនេះ នៅក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងវិស័យគាំពារបរិស្ថាន ដែលមានការចូលរួមពីតំណាងនិយោជក់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់ ក្នុងខេត្ត និងក្រុមហ៊ុនប្រមូលសំរាមទាំង៣ក្រុមហ៊ុន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

លោក កៅ សុណ្ណារិទ្ធិ បានថ្លែងថា ការចោលសម្រាមពាសវាលពាសកាល វាពិតជាជះឥទ្ធិពលអាក្រក់ទៅដល់ការរស់នៅជីវភាពរបស់ពលរដ្ឋ ជាពិសេសអាចនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ខូចនូវសោភ័ណភាពដល់ទីក្រុង ឬទីប្រជុំជននៃខេត្ត។ បញ្ហាទាំងអស់នេះ វាក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងទេសចរណ៍ផងដែរ នៅពេលដែលស្ថានភាពអនាម័យ និងបរិស្ថានមិនស្អាត។

លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាននៅគ្រប់ក្រុង ស្រុក ទាំងអស់ និងក្រុមហ៊ុនដែលមានកាតព្វកិច្ចប្រមូលសម្រាម ត្រូវកំណត់គោលការណ៍ណែនាំរបស់ខ្លួនឲ្យសមស្រប ដើម្បីដាក់ជូនទៅប្រជាពលរដ្ឋ បណ្តាម្ចាស់អាជីវកម្ម និងរោងចក្រសហគ្រាស សិប្បកម្មនានា នៅក្នុងមូលដ្ឋាន សំដៅកំណត់ពីរបៀបគ្រប់គ្រង ទុកដាក់ វេចខ្ចប់ បែងចែក ឬ ញែកសម្រាម និង កាកសំណល់រឹង រាវ ឲ្យបានត្រឹមត្រូវ និងសម្របសម្រួលកិច្ចដំណើរការសេវាសម្អាត ប្រមូលដឹកជញ្ជូន ទុកដាក់សម្រាម ឲ្យបានល្អប្រសើរ។

ទន្ទឹមនឹងនេះ អភិបាលរងខេត្ត បានរំពឹង និងមានជំនឿយ៉ាងមុតមាំថា សិក្ខាសាលាផ្សព្វផ្សាយនេះ នឹងធ្វើឱ្យមានការផ្លាស់ប្ដូរឥរិយាបថរបស់បងប្អូនប្រជាពលរដ្ឋនិងកម្មករ និយោជិត ក្នុងការបញ្ឈប់នូវការបោះសំរាម ឬ កាកសំណល់គ្រប់ប្រភេទ ពាសវាលពាសកាលក្នុងទីសាធារណៈ និងពិសេសដើម្បីគេចផុតពីការផាកពិន័យនានារួមទាំងការដាក់ទោសទណ្ឌតាមផ្លូវតុលាការផងដែរ។

សូមបញ្ជាក់ផងដែរថា ការចោលសំណល់ រឹង និង រាវ នៅទីប្រជុំជន ច្បាប់បានកំណត់ថា ចំពោះជនទាំងឡាយណា ដែលមិនគោរពអនុវត្ត ការវេចខ្ចប់ ការញែកឬបែងចែក និងទុកដាក់សម្រាមតាមដងផ្លូវ មិនបានសមស្របតាមពេលវេលាដែលបានកំណត់ ការបោះចោលសម្រាមតាមទីសាធារណៈ តាមដងផ្លូវ ការដុតសម្រាមនៅទីប្រជុំជនសាធារណៈ មិនបានត្រឹមត្រូវ នឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី ១ ម៉ឺនរៀលទៅ ២០ ម៉ឺនរៀលទៅតាមប្រភេទសម្រាម។

ចំពោះម្ចាស់ឬអ្នកគ្រប់គ្រងផ្សារ ទីតាំងអាជីវកម្ម ក្រុមហ៊ុន សហគ្រាស ជាដើម ដែលមិនរៀបចំឲ្យមានធុងសម្រាមត្រឹមត្រូវ ការវេចខ្ចប់ដោយមានលាយ ជាមួយសំណល់រឹងឧស្សាហកម្ម ឬសំណល់រឹងគ្រោះថ្នាក់ ក៏នឹងត្រូវផាកពិន័យដូចគ្នានេះដែរ។ ក្នុងករណីបុគ្គលបង់ប្រាក់ ពិន័យមិនតាមពេលវេលាកំណត់ ការពិន័យនឹងត្រូវបង់ពិន័យកើនចំនួនពី២ដង ទៅ ៣ដង ហើយបើមិនបង់ក្នុងរយៈពេល៩០ថ្ងៃ អាជ្ញាធរនឹងរៀបចំសំណុំឯកសារប្តឹងទៅតុលាការ៕