(ភ្នំពេញ)៖ យោងវិញ្ញាបនបត្រចុះបញ្ជីម៉ាកលេខ KH/43861/11/D ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ របស់ក្រសួងពាណិជ្ជកម្មវិញ្ញាបនបត្រចុះបញ្ជីម៉ាកលេខ KH/70446/D/16 ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ របស់ក្រសួងពាណិជ្ជកម្មលោក ជិន សុភក្តិ ជាម្ចាស់ហាងលក់សម្លៀកបំពាក់ អង្គរទិព្វ និងជាម្ចាស់ម៉ាកសម្លៀកបំពាក់ LION ដែលបានចុះបញ្ជីចាប់តាំងពីឆ្នាំ២០១១។

ថ្មីៗនេះនៅលើបណ្តាទីផ្សារ និងទំព័រនៃបណ្តាញសង្គម Facebook មួយចំនួន បាននិងកំពុងតាំងលក់អាវយឺត និងមួក ម៉ាក LION ដែលមានរូបសញ្ញាស្រដៀងគ្នាទៅនឹងរូបតោនៃម៉ាកសម្លៀកបំពាក់ LION ដោយគ្មានការអនុញ្ញាតពីរូបខ្ញុំបាទ។ ម៉ាក LION បំពាក់លើអាវ និងមួកទាំងនេះ ធ្វើឱ្យអតិថិជនក៏ដូចជាសាធារណជន ងាយនឹងភ័ន្តច្រលំជាមួយនឹងផលិតផលសម្លៀកបំពាក់ម៉ាកសម្លៀកបំពាក់ LION របស់ខ្ញុំបាទ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះកេរ្តិ៍ឈ្មោះម៉ាកសម្លៀកបំពាក់ LION ជាពិសេសទំនុកចិត្តរបស់អតិថិជនដែលនិយមប្រើប្រាស់ ផលិតផលសម្លៀកបំពាក់ម៉ាក LION ដោយហេតុថាផលិតផលទាំងនោះ ត្រូវបានផលិតឡើងដោយសម្ភារៈគ្មានគុណភាព។

ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ (ច្បាប់ស្តីពីម៉ាក) មាត្រា១១ ចំណុចខ និងមាត្រា២៤កំណត់ថា ការប្រើប្រាស់សញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលបានចុះបញ្ជីរួចហើយ ដោយគ្មានការយល់ព្រមពីម្ចាស់ម៉ាក គឺជា “ការរំលោភលើម៉ាក”។ មាត្រា១១ ចំណុចខ នៃច្បាប់ស្តីពីម៉ាក ចែងថា «ម្ចាស់ម៉ាកមានសិទ្ធិប្តឹងទៅតុលាការ ប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម»

មាត្រា៦៤នៃច្បាប់ស្តីពីម៉ាក កំណត់ថា “ជនណាដែលក្លែងបន្លំម៉ាក របស់សហគ្រាសមួយផ្សេងទៀត ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានចែងនៅមាត្រា១១ ចំណុចខ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀលដល់ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរនេះ”

ហេតុនេះ ក្នុងនាមជាម្ចាស់ម៉ាកសម្លៀកបំពាក់ LION សុំជូនដំណឹងដល់ បុគ្គលដែលលក់ អាវយឺត មួក និងផលិតផលសម្លៀកបំពាក់ផ្សេងទៀត ដែលបំពាក់ម៉ាកLIONក្លែងបន្លំ តាមគ្រប់មធ្យោបាយ ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ករណីដែលមានបុគ្គលណា នៅតែបន្តលក់ផលិតផលសម្លៀកបំពាក់ម៉ាក LION ក្លែងបន្លំ តាមតាមគ្រប់មធ្យោបាយ ក្រោយកាលបរិច្ឆេទកំណត់ខាងលើ ខ្ញុំបាទនឹងប្រើប្រាស់សិទ្ធិជាម្ចាស់ម៉ាក LION ចាត់វិធានការតាមនីតិវិធីជាធរមាន ព្រមទាំងអនុវត្តយន្តការតុលាការ តាមការចាំបាច់៕