(ភ្នំពេញ)៖ ក្រុមហ៊ុន អ៉ីហ្ស៉ីខម ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដ៏ជោគជ័យមួយនៅកម្ពុជា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីអបអរខួប ១៥ឆ្នាំ ក្រោមពាក្យស្លោក «ប្រសើរឡើងព្រមគ្នា» និងជំរុញការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា ឱ្យកាន់តែប្រសើរជាងមុន។

ក្នុងពិធីប្រារព្ធខួប ១៥ឆ្នាំនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកស្រី ចម និម្មល តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ក្រុមហ៊ុន អ៉ីហ្ស៉ីខម បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនសេវាក្លោដ និងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ ឈានមុខគេជាច្រើន ដើម្បីអភិវឌ្ឍថ្នាលឌីជីថលដ៏ចាំបាច់ សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្ររបស់សម្តេចតេជា នាយករដ្ឋមន្ត្រី។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន អ៉ីហ្ស៉ីខម មានប្រសាសន៍ថា ក្រុមហ៊ុន អ៉ីហ្ស៉ីខម ចាំបាច់ត្រូវបន្តកែច្នៃ និងកែលម្អខ្លួនឯងជាប់ជានិច្ច ព្រោះវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) ក្នុងសកលលោក អភិវឌ្ឍឡើងឆាប់រហ័សណាស់។

លោកស្រីបន្តថា នៅពេលខាងមុខនេះ ក្រុមហ៊ុន អ៉ីហ្ស៉ីខម នឹងមានការប្រកាសព័ត៌មានអំពីគម្រោងថ្មីៗដ៏គួរឱ្យរំភើប ដែលនឹងបង្ហាញពីសមត្ថភាពឌីជីថលរបស់កម្ពុជាឱ្យប្រជាជនខ្មែរ និងប្រទេសក្នុងតំបន់បានឃើញ។

លោកស្រីបានមានប្រសាសន៍បន្ថែមទៀតដូច្នេះថា «យើងនឹងបន្តអភិវឌ្ឍអាជីវកម្មរបស់យើងជាលំដាប់ ព្រមទាំងផ្តល់ជូនសេវាកម្មថ្មីៗ ដែលស្របតាមតម្រូវការរបស់អតិថិជន។ ដើម្បីភាពជោគជ័យបន្តទៅមុខទៀត យើងនឹងបន្តជំរុញភាពច្នៃប្រឌិត និងដើរតួជាអ្នកផ្គត់ផ្គង់ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍមនុស្សយន្ត បញ្ញាសប្បនិម្មិត្ត (AI) និងពិភព metaverse»

កាលពីដំបូងក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍មួយនេះ មានសមត្ថភាពត្រឹមផ្តល់សេវា VOIP តែប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុន អ៉ីហ្ស៉ីខម ជាក្រុមហ៊ុនដែលមានភាពរហ័សរហួនក្នុងការចាប់យកបច្ចេកវិទ្យាថ្មីចុងក្រោយ និងបានអភិវឌ្ឍខ្លួនឡើងជាលំដាប់ ហើយពេលនេះក្រុមហ៊ុនបានក្លាយជាអ្នកផ្គត់ផ្គង់សេវាបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។
ដំណាក់កាលផ្លាស់ប្តូរសំខាន់មួយរបស់ក្រុមហ៊ុន អ៉ីហ្ស៉ីខម ចាប់ផ្តើមឡើងកាលពី ៣ឆ្នាំមុន ដែលពេលនោះក្រុមហ៊ុនបានចាប់ដៃគូសហការថ្មីៗ និងកែលម្អអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើការផ្គល់ផ្គង់ថ្នាលឌីជីថលល្អៗ ដែលសមស្របនឹងតម្រូវការរបស់អតិថិជន។ ការផ្លាស់ប្តូរដ៏សំខាន់នេះអាចធ្វើឡើងទៅបានលុះត្រាមានកិច្ចសហការជិតស្និទ្ធពីភាគីពាក់ព័ន្ធទាំងអស់ ដូច្នេះហើយ ទើបក្នុងពិធីអបអរខួប ១៥ឆ្នាំ នាថ្ងៃនេះ ក្រុមហ៊ុនជ្រើសរើសនូវពាក្យស្លោកថា «ប្រសើរឡើងព្រមគ្នា»។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តែងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ លើវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) និងបានកំណត់វិស័យនេះថា ជាវិស័យគន្លឹះក្នុងការជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា និងដើរតួនាទីសំខាន់ក្នុងការត្រួសត្រាយផ្លូវឱ្យកម្ពុជាអភិវឌ្ឍខ្លួន ទៅជាប្រទេសរីកចម្រើនមួយ។

អ្នកឧកញ៉ា គឺជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប ដែលដឹកនាំតាមរយៈការធ្វើជាគំរូល្អសម្រាប់អ្នកដ៏ទៃ និងតាមរយៈការសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗចុងក្រោយ។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា «ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនដែលមានផ្នត់គំនិតអភិវឌ្ឍ ហើយយើងតែងតែបោះជំហានមុនគេ។ ប្រទេសកម្ពុជា ត្រូវការជាចាំបាច់នូវការអភិវឌ្ឍន៍ឈានឡើងគ្រប់វិស័យ។ ការអភិវឌ្ឍន៍ទាំងឡាយនេះ ចាំបាច់ត្រូវមានការសហការពីគ្រប់វិស័យ និងទ្រទ្រង់គ្នាជាប្រព័ន្ធដ៏រឹងមាំមួយ។ វិស័យឧស្សាហកម្មទាំងអស់ ត្រូវការបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) ដែលមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍធុរកិច្ចរបស់ខ្លួន។ ដូច្នេះ ការមានសមត្ថភាពធនធានត្រឹមត្រូវ គឺជារូបមន្តឈ្នះៗក្នុងកិច្ចការអាជីវកម្ម»

អ្នកឧកញ៉ា បានសម្តែងការកោតសរសើរខ្ពស់ចំពោះក្រុមបុគ្គលិកដ៏ស្មោះស្ម័គ្រ និងមានសមត្ថភាព ក៏ដូចជាក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលបានដើរតួយ៉ាងសំខាន់ក្នុងដំណើរអភិវឌ្ឍរបស់ក្រុមហ៊ុន អ៉ីហ្ស៉ីខម នាពេលកន្លងមក និងបានលើកកម្ពស់វប្បធម៌ធុរកិច្ចល្អប្រសើរនៅកម្ពុជា។

ក្រុមហ៊ុន អ៉ីហ្ស៉ីខម បានឈ្នះពានរង្វាន់ថ្នាក់អន្តរជាតិ និងថ្នាក់តំបន់ជាច្រើន ក្នុងផ្នែកផលិតផល សេវាកម្ម និងគុណភាព ជាពិសេសក្រុមហ៊ុន អ៉ីហ្ស៉ីខម បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាព គឺពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ សម្រាប់ការអភិវឌ្ឍន៍ជំនាញឌីជីថលក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពនៃការអភិវឌ្ឍផ្នែកឌីជីថលដ៏ខ្លាំងក្លា ដែលក្រុមហ៊ុន អ៉ីហ្ស៉ីខម សម្រេចបាន។

ក្នុងឱកាសពិធីអបអរខួប ១៥ឆ្នាំ ដ៏រីករាយនេះផងដែរ ក្រុមហ៊ុន អ៉ីហ្ស៉ីខម ក៏បានសម្ពោធនូវនិមិត្តសញ្ញាថ្មីរបស់ខ្លួនដោយមោទនភាព ដែលជាការបញ្ជាក់ពីការកំណត់ចក្ខុវិស័យនិងបេសកកម្មថ្មីរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីម ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេ។ និមិត្តសញ្ញាថ្មីនេះក៏ជាការឆ្លុះបញ្ចាំងនូវវប្បធម៌ក្រុមហ៊ុនមួយ ដែលមានភាពរីកចម្រើន ស្វាហាប់ និងច្នៃប្រឌិតខ្ពស់ ហើយវាក៏ត្រូវបានប្រកាសជាផ្លូវការដោយ អ្នកឧកញ៉ាផងដែរ។

ក្រៅពីភាពជោគជ័យក្នុងការផ្តល់ សេវាកម្មជូនអតិថិជនជាសហគ្រាស ក៏មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីភាពជោគជ័យរបស់ក្រុមហ៊ុន អ៉ីហ្ស៉ីខម ក្នុងការផ្ទេរអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យផ្លាស់មកប្រើប្រាស់សេវាកម្មរបស់ អ៉ីហ្ស៉ីខម ដែលជាការផ្ទេរអតិថិជនធំជាងគេមិនធ្លាប់មានក្នុងទីផ្សារ។

ក្រុមហ៊ុន អ៉ីហ្ស៉ីខម ប្តេជ្ញាយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះបទពិសោធន៍អតិថិជន តាមរយៈយុទ្ធនាការ «អ៉ីហ្ស៉ីខម ស្រឡាញ់អ្នក» ដែលឆ្លុះបញ្ចាំងពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតិថិជនគ្រប់រូប។

ពិធីអបអរខួប ១៥ឆ្នាំ និងពាក្យស្លោក «ប្រសើរឡើងព្រមគ្នា» ត្រូវបានរចនាឡើងដោយប្រើពណ៌ចម្រុះគ្នា ដែលតំណាងឱ្យភាគីពាក់ព័ន្ធនានា មានដូចជា អតិថិជន និយ័តករ ដៃគូ ពាណិជ្ជករ ភាគហ៊ុន និងក្រុមបុគ្គលិកជាដើម ដែលបានសហការគ្នាជាធ្លុងមួយ ប្រកបដោយភាពសុខដុម និងរួមគ្នាបង្កើតភាពជោគជ័យ និងវឌ្ឍនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល តាមរយៈការលើកកម្ពស់អភិបាលកិច្ចល្អ និងការផ្តល់គុណតម្លៃខ្ពស់ចំពោះមនុស្សជាតិ៕