(បាត់ដំបង)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាស្ដីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ទេព នាវា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង នៅសាកលវិទ្យាល័យជាតិបាត់ដំបង។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅសម្រាប់និស្សិតនៅសាកលវិទ្យាល័យអំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះដែរក៏បានផ្ដល់ឱកាសដល់និស្សិត ដើម្បីបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

គួរជម្រាបថា កម្មវិធីខាងលើនេះមានការចូលរួមពីលោក ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង ជាអធិបតី អមដោយសហការី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្រ្តីជំនាញ, សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានចំនួនសរុបប្រមាណ១៨០នាក់។ កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល៕