(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា «មានតែការតស៊ូ តាមរយៈការប្រើសិទ្ធិការពារខ្លួន តាមផ្លូវតុលាការស្របតាមច្បាប់ប៉ុណ្ណោះ ដែលត្រូវបានស្វាគមន៍សម្រាប់ប្រទេសនីតិរដ្ឋ! ចំណាត់ការតាមច្បាប់របស់កម្ពុជា វាជាអធិបតេយ្យភាពកម្ពុជា។

លោក គឹម សន្តិភាព បានលើកឡើងបែបនេះ​ បន្ទាប់ពីកូនស្រីរបស់ លោក កឹម សុខា បានជំរុញឱ្យអ្នកគាំទ្រតស៊ូ ដើម្បីលោក កឹម សុខា តាមបណ្តាញសង្គមជាមួយនឹងការលើកឡើងថា៖ «ខ្ញុំសូមអរគុណដល់បងប្អូនជនរួមជាតិដែលបានសំដែងការព្រួយបារម្មណ៍ គោរពស្រឡាញ់ និងគាំទ្រដល់លោកឳពុកខ្ញុំ។ ខ្ញុំសូមបញ្ជាក់ថា ការតស៊ូរបស់យើងនៅតែបន្តនិងមិនទាន់ចប់ឡើយ»

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសាលក្រមកាត់ទោស លោក កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដាក់ពន្ធនាគារ២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ៕